Loading...

ដឹកប្អូនចេញពីធ្វើការ ចោរដេញវ៉ៃប្លន់ម៉ូតូ

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:54 pm

ភ្នំពេញ៖ ករណីវាយប្លន់ម៉ូតូនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុចកែងភ្លើងស្កុបទំនប់កប់ស្រូវ ស្ថិតក្នុងក្រុមទី១១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន ទី១-ឈ្មោះពែល ណយ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះនឿន ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោម ចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកបក្សពួក២នាក់ទៀត ដែលគេចខ្លួនរួច រួមមាន ទី១-ឈ្មោះដែន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២-ឈ្មោះឡុង អាយុ២០ មុខរបរកម្មកររោងចក្រ ទាំង២នាក់ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកជនរងគ្រោះ មានឈ្មោះឈួន រស្មី អាយុ២៩ឆ្នាំ មុខរបរបញ្ចូលហ្គាស ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលខាងមុខ២កន្លែងដេរ៨ថ្នេរ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-1482 ទៅទទួលប្អូនចេញពីកន្លែងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រួចក៏ឆ្ពោះទៅផ្ទះវិញ លុះធ្វើដំណើរមកដល់ចំណុច ជិតវត្តកំបូល ក៏ស្រាប់តែលេចមុខជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយខ្សែក្រវាត់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥មួយគ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-9318 និង១គ្រឿងទៀតម៉ាកស៊ុយស៊ូគីនិច ពាក់ស្លាកលេខ ភ្នំពេញ 1FC-7188 បានជិិះដេញតាមវាយប្លន់ម៉ូតូរបស់គាត់ ប៉ុន្តែខណៈនោះគាត់មិនបានឈប់ឡើយ និងបានបន្ថែមល្បឿនរត់គេចខ្លួនកាន់តែលឿន រហូតដល់ត្រង់ចំណុចកើតហេតុ ទើបឈប់ ក៏ត្រូវក្រុមជនសង្ស័យទាញខ្សែក្រវាត់ និងដុំថ្មវាយបណ្តាលឱ្យរងរបួសបែកក្បាល តែសំណាងល្អ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ កំពុងល្បាតប្រទះឃើញ ក៏ជួយអន្តរាគមន៍ភ្លាមៗ ដោយចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ខណៈដែលបក្ខពួក២នាក់ទៀត បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល៕