Loading...

ទើបចេញពីគុក លេបថ្នាំ២ដងមិនស្លាប់ ចងក

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 14:11 pm

ភ្នំពេញ ៖ ករណីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងដីឡូត៍គ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បុរសគិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះតូ ពុធសំអឿន អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

តាមសម្តីរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) ទើបនឹងចេញពីពន្ធនាគារថ្មីៗ ហើយកន្លងមកនេះ គេធ្លាប់បានលេបថ្នាំសម្លាប់ខ្លួនចំនួន២ដងរួចមកហើយ តែមិនបានសម្រេច ដោយសារក្រុមគ្រួសារប្រទះឃើញជួយទាន់ពេល លុះពេលគាត់សួរនាំថាហេតុអ្វីបានជាចង់សម្លាប់ខ្លួន កូនប្រុសនេះ បានឆ្លើយប្រាប់គាត់ជាម្តាយថា ខ្មាស់គេណាស់ ដោយសាររូបគេបានធ្វើខុសកន្លងមក និងទើបតែចេញពីពន្ឋនាគារទៀតផង ហេតុនេះខ្លាចខ្មាសអ្នកភូមិ មើលងាយ និងសើចចំអក យ៉ាងណា គាត់ក៏បានព្យាយាម និយាយលួងលោមកូនប្រុសឱ្យបញ្ឈប់គំនិតខ្លីបែបនេះទៀតដែរ តែមិននឹកស្មានថា គេនៅតែចិញ្ចឹមចិត្តសម្លាប់ខ្លួនរហូតទាល់តែបានបែបនេះឡើយ។

ស្ត្រីជាម្តាយបន្តថា លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលគាត់ចេញពីធ្វើការវិញ មកដល់ផ្ទះ ស្រាប់តែបាត់កូនប្រុសមិនដឹងទៅណា លុះសួរក្មួយស្រីប្រាប់ថា ឃើញគេដើរទៅក្រោយផ្ទះ ហើយភ្លាមនោះ គាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ នឹកស្មានថា កូនប្រុសទៅលេងផ្ទះបងនៅច្បារអំពៅ ទើបមិនបានចេញទៅតាមរក។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានអ្នកភូមិម្នាក់ឈ្មោះនឿន បានទូរសព្ទ័មកប្រាប់គាត់ថា មានបាត់កូនអត់ ឱ្យទៅមើលនៅចំណុចដីឡូត៏គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ មានមនុស្សដេកស្លាប់ នៅកន្ទុយដីឡូត៍ ភ្លាមនោះ គាត់ជាម្តាយក៏ប្រញាប់នាំបងប្អូនទៅមើល ទើបដឹងថា ជាសពកូនប្រុសរបស់គាត់មែន៕