Loading...

បងស្តីបន្ទោសឲ្យតិចតួច ប្អូនប្រុសគិតខ្លីចងកសម្លាប់ខ្លួន

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:20 pm

ភ្នំពេញ ៖ យុវជនចិត្តខ្លាំងគំនិតខ្លី ដែលចងកធ្វើអត្តឃាតកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ១៣ ជាន់ទី២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ មានឈ្មោះឆៃ ឆាន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ រួមជាមួយបងប្រុសម្នាក់ទៀតជាកម្មកររោងចក្រដូចគ្នា មានស្រុកកំណើតភូមិត្រាំខ្នា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមសម្តីយុវជនជាបងប្រុសជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខ្លួន និងជនរងគ្រោះជាប្អូនប្រុស បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ បន្ទាប់មក ខ្លួនក៏បានស្តីបន្ទោសប្អូនប្រុស២-៣ម៉ាត់ ធ្វើឱ្យប្អូនប្រុស រូបនេះខឹង ក៏ដើរចូលក្នុងបន្ទប់ ខ្ទាស់ដាក់គន្លឹះពីក្នុងសម្ងំបាត់ទៅ ចំណែកខ្លួនដល់ម៉ោងធ្វើការយប់ផង ក៏ចេញទៅរោងចក្របាត់ដែរ។

លុះពេលវិលមកពីធ្វើការរោងចក្រវិញ ខ្លួនបានព្យាយាមគោះទ្វារបន្ទប់ហៅប្អូនប្រុសឱ្យបើកទ្វារដែរ តែមិនលឺសំឡេងឆ្លើយតបសោះ ទើបនឹកស្មានថាប្អូននៅខឹង មិនព្រមបើកទ្វារឱ្យចូលដេក ក៏ដេកក្រៅបន្ទប់១យប់ទៅ។ រហូតដល់ព្រឹកឡើង ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ខ្លួនក៏បានហៅឱ្យប្អូនបើកទ្វារទៀត នៅតែមិនឆ្លើយ ទើបធ្វើឱ្យខ្លួនសង្ស័យ ក៏សម្រេចគាស់បង្ហើបបង្អួចមើល ក៏ប្រទះឃើញប្អូនប្រុសចងកសម្លាប់ខ្លួនបាត់ទៅហើយ៕