Loading...

បើកម៉ូតូវ៉ាមិនផុត បុករថយន្តស្លាប់កម្មការិនីម្នាក់

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 14:52 pm

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៤-១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រីយ៍អណ្តូង ស្រុកព្រៃនប់។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ឈ្មោះ តែម ភារម្យ ភេទប្រុស អាយុ១៤ឆ្នាំ មានលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ មានឌុបកម្មការិនីម្នាក់ ធ្វើដំណើរបោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូបានបើកវ៉ារថយន្ត១គ្រឿង ក្នុងទិសដៅស្របគ្នា ក៏ជ្រុលទៅបុករថយន្ត១គ្រឿងទៀត ពេញទំហឹងម៉ាក Peterbilt ក្បាលពណ៌ទឹកប៊ិក ពាក់ស្លាក់លេខ ព្រះសីហនុ 3A-7268 (អ្នកបើកបរគេចខ្លួនបាត់) បណ្តាលឱ្យ ឈ្មោះតែម ភារម្យ រងរបួសធ្ងន់ និងឈ្មោះ សាន់ ក្តាម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានលំនៅភូមិសំរុងលើ ឃុំ សំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នករួមដំណើរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង និងកំណត់ហេតុ ប្រគល់ សពជនរងគ្រោះឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីក្តុកក្តួលជាពន់ពេក៕