Loading...

ព្រោះតែគំនុំចាស់ ណាត់ជួបគ្នា ដេញកាប់ចាក់ពេញផ្លូវ

​ សោម សុភា​​ | ថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 13:31 pm

ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខកាស៊ីណូ សាងាំរីសត ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ក្រុមក្មេងទំនើងដែលបង្កការអុកឡុក ដេញកាប់ចាក់គ្នា ស្រាយគំនុំចាស់ រហូតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ក្របួចជាប់នាំយក មកចាត់ការតាមច្បាប់ រួមមានទី១-ឈ្មោះឈាវ សុខេន ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះរ៉ាំ វ៉ាន់រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់រស់នៅភូមិទំនប់លើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទី៣-ឈ្មោះម៉េង ធារឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទួលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទី៤-ឈ្មោះស៊ុ ចាន់ធឿន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទី៥-ឈ្មោះ យឹប យឿន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំស្រុកអន្លង់វែង និងទី៦-ឈ្មោះឆង វន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សមត្ថកិច្ចស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមក្មេងទំនើងទាំង២ក្រុមនេះ ដែលធ្លាប់កើតមានជម្លោះគ្នាពីមុនមក បានណាត់ជួបគ្នា ដើម្បីស្រាយគំនុំចាស់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទាញដាវសាំមូរ៉ៃ កាំបិតពូថៅ និងដំបងដេញកាប់ ចាក់គ្នានៅដងផ្លូវសាធារណៈដោយគ្មានខ្លាចញញើតអ្វីបន្តិចសោះ និងបង្កឱ្យមានការផ្អើលឆោឡោ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ មានការភ័យខ្លាចយ៉ាងខ្លាំង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបទាន់ពេល ពុំមាននរណារងរបួសនោះទេ ហើយសមត្ថកិច្ចបាន ឃាត់ខ្លួនក្រុមក្មេងទំនើងបាន៦នាក់ នាំខ្លួនមកអធិការធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕