Loading...

មនុស្សជាង៣៦លាននាក់ កំពុងរស់ជាមួយជំងឺអេដស៍នៅជុំវិញពិភពលោក

​ សោម សុភា​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 13:19 pm

ភ្នំពេញ៖ នៅឆ្នាំនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីក្រើនរំលឹកដល់ថ្នាក់ដឹកនាំពិភពលោក និងមហាជនទូទៅថា មេរោគអេដស៍មិនទាន់ទៅឆ្ងាយពីមនុស្សនៅឡើយទេ ខណៈដែលនៅមានមនុស្សប្រមាណជាង៩សែន ៤ម៉ឺននាក់បានស្លាប់ និងជាង១លាន៨សែននាក់ បានឆ្លងមេរោគអេដស៍នេះកាលពីឆ្នាំមុន។

ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលពីចុងសប្តាហ៍ទៅថា ទោះបីកម្ពុជាមានជោគជ័យច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក៏ពិតមែន ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀត ដែលត្រូវបន្តដោះស្រាយអោយបានទាន់ពេលវេលា ជាពិសេសការងារទប់ស្កាត់ការចម្លងថ្មីនៃមេរោគនេះ។

ឯកឧត្តម អៀង មូលី ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះនៅកោះពេជ្រ កាលពីថ្ងៃទី១វិច្ឆិកា ហើយក៏មានការចូលរួមពីបណ្តាអង្គការនានាដែលធ្វើការងារពាក់ព័ន្ធមេរោគអេដស៍ និងជំងឺអេដស៍ ដោយក្នុងនោះតំណាងនៃសង្គមស៊ីវលទាំងនោះបានបញ្ជាក់ថា បច្ចុប្បន្ននេះការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺត្រូវបានកាត់បន្ថយច្រើន ។


សំលេងតំណាងសង្គមស៊ីវល៣នាក់
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការAHF បានបញ្ជាក់ថា បច្ចុប្បន្នមានមនុស្ស ប្រមាណជា៦៧០០០នាក់ នៅក្នុងប្រទេសកម្ពុជា កំពុងរស់នៅជាមួយមេរោគអេដស៍។ លោកបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បានមើលថែអ្នកជំងឺអេដស៍ប្រមាណ១លាននាក់ ហើយនៅក្នុងបេសកកម្មរបស់ខ្លួន។

សំលេងលោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់
យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថាមនុស្សជាង៣៦ លាននាក់កំពុងរស់ជាមួយមេរោគ អេដស៍និងជំងឺអេដស៍នៅជុំវិញពិភពលោក។ហើយបច្ចុប្បន្ននេះ មានអ្នកជំងឺរាប់លាននាក់កំពុងទទួលបានការសង្គ្រោះជីវិត ដោយឱសថប្រឆាំងមេរោគអេដស៍ ដោយប្រការនេះ គឺទាមទារអោយថ្នាក់ដឹកនាំពិភពលោក និងមនុស្សទូទាំងសាកលលោកត្រូវតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ទាំងអស់គ្នា៕