Loading...

វ៉ៃគេហើយ គេចខ្លួន៣ឆ្នាំ វិលវិញខ្នោះ

​ សោម សុភា​​ | ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 13:53 pm

ភ្នំពេញ៖ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។ មានឈ្មោះលី ឡាវី អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពពីមន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ករណីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ខាងលើនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយអនុវត្តទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ ក្នុងករណី “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ពោលគឺបានប្រព្រឹត្តកាលពីជិត៣ឆ្នាំមុនមកម៉្លេះ នៅត្រង់ចំណុចខាងមុខផ្ទះលេខ១៥១អឺ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះលី ឡាវី ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចាត់ការតាមនីតិវិធី៕