អារដើមឈើក្នុងចម្ការ រលំមករត់គេចមិនទាន់ សង្កត់ស្លាប់
ខេត្តពោធិ៍សាត់ ៖ បុរសរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ស្លាប់ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអូររំលេច ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង។ មានឈ្មោះដេញ សុផល អាយុ៣១ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានយករណាយន្ត១គ្រឿង ចូលទៅអារដើមឈើ១ដើមនៅក្នុងដីចម្ការ ដើម្បីយកឈើមកប្រើប្រាស់។ លុះក្រោយពេលអារផ្តាច់ដើមឈើរលំហើយ ជនរងគ្រោះបានព្យាយាមរត់គេច ចេញដែរ តែរត់មិនទាន់ ក៏ត្រូវដើមឈើនោះបាក់រលំ មកសង្កត់ពីលើ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង៕