Loading...

ប៉ុនប៉ងសម្លាប់គេមិនប្រណី ចុងក្រោយ ចំខ្លួនឯងប៊ិះស្លាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 16:57 pm

ខេត្តរតនគិរី ៖ យុវជនម្នាក់ បានយកកាំភ្លើងកែច្នៃចូលទៅក្នុងព្រៃ ដើម្បីបរបាញ់សត្វ លុះប្រទះឃើញសត្វស្វា១ក្បាល ក៏ទាញកាំភ្លើងបាញ់ធ្លាក់ពីលើដើមឈើ រួចក៏ស្ទុះរត់ទៅចាប់ ស្រាប់តែអកុសល កាំភ្លើងច្នៃទាក់នឹងមែកឈើ ធ្វើឱ្យរាលកៃផ្ទុះធ្លាយពោះខ្លួនឯង រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍រាលកៃកាំភ្លើងកែច្នៃត្រូវខ្លួនឯងនេះ បានកើតកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចព្រៃការពារ១កន្លែង ស្ថិតក្នុងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្តូងមាស។

មន្ត្រីនគរបាលស្រុកអណ្តូងមាស បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះថល់ វុយ អាយុ១៤ឆ្នាំ ជាជនជាតិឡាវ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ធ្ងរ។

តាមប្រភពពីមន្ត្រីនគរបាល បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំបងប្អូនដើរចូលព្រៃទៅបរបាញ់សត្វស្វា ខណៈពេលបាញ់សត្វស្វាធ្លាក់ ក៏បានរត់ទៅចាប់យក ស្រាប់តែកាំភ្លើងខ្យល់ ទាក់នឹងមែកឈើមួយ ក៏ផ្ទុះត្រូវចំពោះខ្លួនឯងរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះត្រួតពិនិត្យជនរងគ្រោះឃើញថា ពិតជារាលកៃកាំភ្លើងកែច្នៃត្រូវខ្លួនឯងពិតប្រាកដមែន។

បន្ទាប់មក ជនរងគ្រោះត្រូវបានអាណាព្យាបាលដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ដើម្បីជួយសង្គ្រោះអាយុជីវិតភ្លាមៗ៕