Loading...

ប្រមូលកង់ឡាន ដុតក្រោមខ្សែភ្លើង គេឃាត់គំរាមដុតផ្ទះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 8:59 am

ភ្នំពេញ ៖ បុរសម្នាក់បានប្រមូលកង់ឡានជាច្រើន មកគរដុតចោលនៅពីក្រោមខ្សែភ្លើង បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ចេញមកឃាត់ បែរជាគំរាមដុតផ្ទះអ្នកឃាត់ចោលទៀត។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពញ។

ប្រជាពលរដ្ឋដែលរងនូវការគំរាមដុតផ្ទះពីសំណាក់បុរសខាងលើ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន និងសមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើយ គាត់បានឃើញបុរសម្នាក់បានប្រមូលកង់ឡានជាច្រើនយកមកគរ នៅចំណុចក្បែរប្រឡាយទឹកនៅក្រោមខ្សែភ្លើង និងខ្សែកាប ហើយមួយសន្ទុះក្រោយមក ក៏ដុត បណ្តាលឱ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យរូបគាត់ ក៏ដូចអ្នកក្បែរខាងឯទៀត ភ័យខ្លាចឆាបឆេះដល់ខ្សែភ្លើង ហើយរាលដាលដល់ផ្ទះគាត់ផងនោះ ទើបដើរទៅប្រាប់ឱ្យអ្នកដុត ជួយពន្លត់វិញ កុំឱ្យឆេះខ្លាំងបែបនេះ ប៉ុន្តែស្របពេលនោះ ត្រូវបុរសអ្នកដុតស្រែកគំហកដាក់ នាំឱ្យទាស់សម្តីគ្នាមួយប្រាវ រហូតឈានដល់ប្រើសម្តីគំរាមដុតផ្ទះចោលទៀតផង។ បន្ទាប់ពីមានហេតុការណ៍បែបនេះ រូបគាត់ក៏បានប្តឹងដល់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះមកដល់ហៅបុរសដែលដុតកង់ឡានខាងលើ ទៅកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរជុំវិញករណីនេះ។

បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានអប់រំណែនាំ និងសម្រេចធ្វើកិច្ចសន្យាបញ្ចប់ទំនាស់រវាងភាគីទាំងពីរ ដោយមិនឱ្យមានគំនុំគុំកួនគ្នាទៅថ្ងៃមុខទៀត៕