Tuesday, July 22, 2025
Homeព័ត៌មានជាតិដោយសារប្រុស២នាក់ នារីៗខ្លះរត់ចេញអស់ នៅសល់តែនាងនិងថៅកែស្រី ភ័យញ័រខ្លួនក្នុងហាង

ដោយសារប្រុស២នាក់ នារីៗខ្លះរត់ចេញអស់ នៅសល់តែនាងនិងថៅកែស្រី ភ័យញ័រខ្លួនក្នុងហាង

ភ្នំពេញ ៖ ករណីប្លន់ប្រដាប់អាវុធ ដោយជនសង្ស័យជាចោរប្លន់១ក្រុម បានដកកាំភ្លើងភ្ជង់គំរាមប្លន់ទាំងភ្ញៀវទាំងម្ចាស់ហាង ក្នុងហាងផាត់មុខមួយ ដោយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃអស់ពីខ្លួន  បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងផាត់មុខ និងធ្វើសក់ យីហោ កន្និកា ស្រីទូច មានទីតាំងក្បែរនឹងខារ៉ាអូខេប៊េះស្តារ (Best Star)តាមបណ្តោយ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

នារីរងគ្រោះមានគ្នា៣នាក់ ទី១-ឈ្មោះអ៊ឹង ចន្ទ័ដារ៉ាលីន បាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 6s និងលុយជិត៣០ដុល្លារ ទី២-ឈ្មោះស្រីពៅ បាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 6 Plus និងទី៣-មិនបានស្គាល់ឈ្មោះ បាត់បង់កាបូបស្ពាយ។ ចំណែកម្ចាស់ហាងខាងលើ មានឈ្មោះគៀប សោភា ហៅស្រីទូច អាយុ៣០ឆ្នាំ ជាម្ចាស់ហាងផាត់មុខ និងធ្វើសក់យីហោ កន្និកា ស្រីទូច ស្នាក់នៅកន្លែងកើតហេតុ។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ហាង បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នារីរងគ្រោះទាំង៣នាក់ខាងលើ រួមទាំងនារីជាភ្ញៀវ២ ទៅ៣នាក់ទៀត បានមកផាត់មុខ និងធ្វើសក់ក្នុងហាងរបស់នាង ដោយនាងជាអ្នកផាត់មុខឱ្យ។ លុះដល់វេលាកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៊ិច បិទតែមពណ៌ត្រេអ៊ី មិនចាំស្លាកលេខ ជិះមកឈប់នៅខាងមុខហាង ធ្វើជារកទិញទឹកបរិសុទ្ធផឹក។ ភ្លាមៗនោះជនសង្ស័យម្នាក់អង្គុយនៅលើម៉ូតូ ចំណែកឯម្នាក់ទៀតចុះដើរសំដៅចូលមកក្នុងហាង រួចក៏ធ្វើសកម្មភាពដកកាំភ្លើងមួយដើមភ្ជង់គំរាមគាត់ និងនារីរងគ្រោះរួមទាំងភ្ញៀវផ្សេងទៀតនៅក្នុងហាង រួចក៏កញ្ឆក់យកទូរស័ព្ទដៃ និងកាបូបស្ពាយពីនារីរងគ្រោះទាំង៣នាក់ខាងលើ។ ភ្លាមៗនោះពួកនាងមិនហ៊ានស្រែកឱ្យគេជួយនោះទេ ព្រោះភ័យខ្លាចជនសង្ស័យបាញ់សម្លាប់ បន្ទាប់មក ជនសង្ស័យក៏រត់ឡើងជិះម៉ូតូជាមួយបក្សពួករត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុភ្លាមៗ ដោយសារភ័យខ្លាចខ្លាំងពេក ទើបនារី២នាក់ រួមទាំងភ្ញៀវផ្សេងទៀត បាននាំគ្នារត់ចាកចេញពីហាងបាត់អស់ នៅសល់នារីរងគ្រោះម្នាក់ និងស្ត្រីជាម្ចាស់ហាងនៅសំងំក្នុងហាង ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកនាំយកទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងកក់ទី២៕

RELATED ARTICLES