Tuesday, July 22, 2025
Homeព័ត៌មានជាតិផ្តើមពីគំនុំស្នេហាត្រីកោណ!!! ២នាក់បងប្អូន សម្លាប់សត្រូវស្នេហា រួចដុតសពចោល

ផ្តើមពីគំនុំស្នេហាត្រីកោណ!!! ២នាក់បងប្អូន សម្លាប់សត្រូវស្នេហា រួចដុតសពចោល

ខេត្តបន្ទាយមានជ័យ ៖ ករណីឃាតកម្មព្រៃផ្សៃ ដុតសម្លាប់មនុស្សក្បែរដំបូកក្នុងព្រៃ ចម្ងាយពីដីក្រុមហ៊ុនអភិវឌ្ឍន៍ប្រមាណ៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងបានហើយ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់ (បងប្អូនបង្កើត) នៅចំណុចភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយជនជាឃាតករទាំង២នាក់បងប្អូន បានសារភាពថា មូលហេតុ ផ្តើមចេញពីគំនុំស្នេហាត្រីកោណ។

ជនសង្ស័យជាឃាតករទាំង២នាក់ ទី១-ឈ្មោះស៊ួត សុភ័ក្ត្រ ហៅភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២-ឈ្មោះស៊ួត សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ចំណែកជនរងគ្រោះ មានឈ្មោះហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករោងម៉ាស៊ីនកិនស្រូវ និងបើកឡានយកស្រូវតាមផ្ទះទៅកិន រស់នៅភូមិអំពិលចាស់ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញសាកសព ត្រូវបានគេដុតចោល នឹងកង់ឡានក្បែរដំបូកក្នុងព្រៃ ចម្ងាយពីដីក្រុមហ៊ុនអភិវឌ្ឍន៍ប្រមាណ៦គីឡូម៉ែត្រ ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងបន្តការសាកសួរ និងនាំទៅចង្អុលបង្ហាញទីតាំងកើតហេតុ ដើម្បីធ្វើតម្រាប់ឡើងវិញ មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕

RELATED ARTICLES