Tuesday, July 22, 2025
Homeព័ត៌មានជាតិប្រុសខឹងចូលផ្ទះខាងស្រី ទះ២កំផ្លៀង ដួលសន្លប់ស្តូកស្តឹង

ប្រុសខឹងចូលផ្ទះខាងស្រី ទះ២កំផ្លៀង ដួលសន្លប់ស្តូកស្តឹង

ខេត្តបន្ទាយមានជ័យ ៖ ករណីអំពើហិង្សាមួយកើតឡើងដោយ ក្រុមគ្រួសារចំនួន២ កើតមានជម្លោះជាញឹកញាប់ ស្រាប់តែភាគីម្ខាង ដែលជាមនុស្សប្រុស បានស្ទុះចូលទៅវ៉ៃភាគីម្ខាងទៀត ដែលជាមនុស្សស្រី ដោយទះចំនួន២កំផ្លៀង ធ្វើឱ្យស្ត្រីរងគ្រោះដួលសន្លប់ស្តូកលែងដឹងខ្លួន ចំណែកជនបង្កត្រូវបានកម្លាំងអាវុធហត្ថ ចុះចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ស្ត្រីរងគ្រោះមានឈ្មោះរ៉េត រួម អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនបង្កហេតុ មានឈ្មោះសាវឹង មករា ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅថ្ងៃកើតហេតុ ម្តាយរបស់ជនសង្ស័យនិងជនសង្ស័យ បានទៅជេរប្រមាថស្ត្រីរងគ្រោះខាងលើដល់មុខផ្ទះ ទើបស្ត្រីរងគ្រោះខឹង ក៏បានឈ្លោះប្រកែកតពាក្យសម្តីគ្នាទៅវិញ រហូតធ្វើឱ្យជនសង្ស័យទប់កំហឹងមិនជាប់ ក៏ស្ទុះចូលទៅទះកំផ្លៀងជនរងគ្រោះចំនួន២ដៃ ដួលសន្លប់លែងដឹងខ្លួនតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។ នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ស្ត្រីរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES