ភ្នំពេញ ៖ ករណីអំពើហិង្សាដោយចេតនា មន្ត្រីយោធាម្នាក់ ក្រោយពីផឹកស៊ីក្នុងខារ៉ាអូខេស្រវឹងធ្លាក់ភ្នែក ដើរចេញមកវិញ ក៏បានបង្កជម្លោះស្ទុះទៅវាយបុរស ម្នាក់ចំនួន២ដៃ លុះបុរសរងគ្រោះខឹង ក៏ច្រានមន្ត្រីយោធានោះបណ្តាលឱ្យដួល ធ្វើឱ្យបុរសយោធានោះខឹងផ្ទុះអាវុធ២គ្រាប់ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេយីហោ ផាតធី KTV មានទីតាំងស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាខ្មាន់កាំភ្លើង មានឈ្មោះយូ សុវណ្ណ អាយុជាង៤០ឆ្នាំ ជាមន្ត្រីយោធាផ្នែកនាយរងសេនាធិការ។ ចំណែកភាគីខាងជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីប្រភពពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុ គាត់បានចូលទៅខារ៉ាអូខេខាងលើដែរ បម្រុងនឹងចូលផឹកស៊ីតែម្នាក់ឯងទេ។ តែពេលទៅដល់សន្តិសុខយាមខារ៉ាអូខេ បានប្រាប់ថា ហាងខារ៉ាអូខេខាងលើជិតបិទហើយ មិនអាចទទួលភ្ញៀវថ្មីបានទៀតទេ ទើបគាត់បាននៅអង្គុយជជែកលេងជាមួយសន្តិសុខ នៅខាងមុខហាង។ ស្រាប់តែលេចមុខជនបង្កជាខ្មាន់កាំភ្លើង ដែលទើបចេញពីហាងខារ៉ាអូខេខាងលើ ទាំងស្រវឹងទ្រេតទ្រោត ស្រាប់តែស្ទុះមកវ៉ៃគាត់១ដៃ ពេលនោះគាត់ក៏បានសួរថា “លោកពូម៉េចបានវាយខ្ញុំ?” ស្រាប់តែជនបង្កមកវាយគាត់ថែម១ដៃទៀត ទើបគាត់ខឹង ក៏ច្រានជនបង្កឱ្យដួល។ បន្ទាប់មក ជនបង្កក៏ក្រោកមកវិញ បានដកកាំភ្លើងបាញ់គាត់២គ្រាប់ តែគាត់បានរត់គេចទាន់។ ស្រាប់តែត្រូវដៃខ្លួនឯងមួយគ្រាប់ ក្រោយមក សមត្ថកិច្ចបានមកដល់ឃាត់ខ្លួនជនបង្កទៅប៉ុស្តិ៍ភ្លាមៗតែម្តង។

ចំណែកបក្ខពួកជនបង្ក និងជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចនាំមកប៉ុស្តិ៍ ដើម្បីសាកសួរ និងធ្វើកំណត់ហេតុផងដែរ៕





