ភ្នំពេញ ៖ ហេតុការណ៍អំពើហិង្សា ឧត្តមសេនីយ៍យោធាផ្កាយ៣ ផឹកស្រវឹងនឹកចង់ស្រី ក៏បបួលស្ត្រីរងគ្រោះទៅរួមភេទជាមួយ ប៉ុន្តែត្រូវនាងបដិសេធ លុះខឹងបបួលស្រីទៅរួមភេទស្រួលៗមិនបាន ក៏ចាប់ទះកំផ្លៀងស្រីយ៉ាងចាស់ដៃផ្អើលហាងនោះ រួចដើរចេញក្រៅឡើងឡានបើកចេញទៅបាត់ស្រមោល បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន បឹងមាស មាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្ត្រីរងគ្រោះមានឈ្មោះយិន ស្រីពៅ អាយុ ៣៥ឆ្នាំ មុខរបរជាអ្នកចម្រៀងប្រចាំភោជនីយដ្ឋានបឹងមាស សព្វថ្ងៃស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ។ ចំណែកជនដៃដល់ ត្រូវគេដឹងថា ឧត្តមសេនីយ៍យោធា ពាក់ផ្កាយ៣ បើករថយន្តទំនើប១គ្រឿង ម៉ាកម៉ាស្តារ (Mazda) ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ ០២-១២១៥។

តាមសម្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានចូលច្រៀងនៅក្នុងហាងបឹងមាស ដូចសព្វដង លុះក្រោយមក ក៏ឃើញជនបង្កហេតុខាងលើ ដែលអួតខ្លួនថាជាមន្ត្រីយោធាពាក់ផ្កាយ៣ បានចូលមកផឹកស៊ីជាមួយ មិត្តភក្តិជាច្រើននាក់ទៀត។ បន្ទាប់មកមន្ត្រីយោធារូបនោះ បានហៅនាងឱ្យទៅអង្គុយកំដរ រួចបានបបួលនាងទៅដេកជាមួយ តែនាងនៅតែមិនព្រម។ មិនតែប៉ុណ្ណោះ នាងថែមទាំងនិយាយដែរថា “បើបងចង់ គឺអាចរកនារីអ្នកផ្សេងឱ្យបាន” តែលោកផ្កាយ៣នៅតែមិនព្រម លុះនាងប្រាប់ថា នាងមិនព្រមទៅទេ ស្រាប់តែលោកយោធាផ្កាយ៣រូបនោះ ខឹងច្រឡោតទះកំផ្លៀងនាងតែម្តង។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា លោកផ្កាយ៣វ៉ៃនាងនោះ នៅចំពោះមុខមិត្តភក្តិរបស់គេតែម្តង តែគ្មាននរណាម្នាក់ហ៊ានជួយទេ។ លុវ៉ៃនាងរួចហើយ លោកផ្កាយ៣នោះ ក៏ដើរចេញក្រៅបើកឡានទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឱ្យសមត្តកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរកមុខលោកយោធាផ្កាយ៣ វ៉ៃស្រីបង្អួតមិត្តភក្តិនេះ ចាត់ការតាមផ្លូវច្បាប់៕



