Monday, September 22, 2025
Homeព័ត៌មានជាតិប្លន់សម្លាប់នៅវៀតណាម រត់ចូលលាក់ខ្លួនដីខ្មែរ១ខែ ជាប់ខ្នោះ

ប្លន់សម្លាប់នៅវៀតណាម រត់ចូលលាក់ខ្លួនដីខ្មែរ១ខែ ជាប់ខ្នោះ

ខេត្តកំពត ៖ ជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលបានធ្វើសកម្មភាពប្លន់សម្លាប់នៅក្នុងប្រទេសវៀតណាម កាលពីជាង១ខែមុន រួចបានព្យាយាមរត់ឆ្លងដែនចូលមកសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចវៀតណាម ស្នើសុំកិច្ចសហការពីភាគីកម្ពុជា ចុះស្រាវជ្រាវចាប់ខ្លួនជនដៃដល់បាននៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានបញ្ជូនទៅកាន់ប្រទេសវៀតណាមវិញ ដើម្បីចាត់ការតាមនីតិវិធី។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាឃាតករប្លន់សម្លាប់នៅប្រទេសវៀតណាមខាងលើនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួន មានឈ្មោះសុខ ថា ហៅផាម វ៉ាន់ទៀង ឬ ម៉ឺយ ហៃ ភេទប្រុស កើតឆ្នាំ១៩៥៥ ស្រុកកំណើត ខេត្តត្រាយិញ បានប្រព្រឹត្តបទប្លន់សម្លាប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅភូមិមិញភូ ស្រុកយ៉ងថាញ់ ខេត្តគៀងយ៉ាង។

យោងតាមលិខិតស្នើសុំអន្តរាគមន៍របស់ភាគីវៀតណាម បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះផាម វ៉ាន់ទៀង ឬ ម៉ឺយ ហៃ បានប្រព្រឹត្តបទល្មើសប្លន់សម្លាប់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភឃុំមិញភូមិ ស្រុកយ៉ងថាញ់ ខេត្តគៀងយ៉ាង រួចបានរត់គេចខ្លួនចូលក្នុងប្រទេសកម្ពុជា។ ដោយមុខសញ្ញានេះ ធ្លាប់ប្រព្រឹត្តបទល្មើស២ករណីរួចមកហើយ។ ករណីទី១ ប្លន់ទ្រព្យសម្បត្តិនៅឆ្នាំ១៩៨៣ នៅខេត្តហូវយ៉ាង និងករណីទី២ សម្លាប់មនុស្ស នៅឆ្នាំ២០១១ នៅខេត្តអាងយ៉ាង។

លិខិតខាងលើ បានបញ្ជាក់ថា ឆ្លងតាមការស៊ើបអង្កេតកន្លងមក មុខសញ្ញានេះបានរត់គេចខ្លួនមកកម្ពុជា ដោយជិះម៉ូតូលេខ ៩៥ជ១-១៣០៥៥ ជាវត្ថុតាងនៃករណីរឿង។ បច្ចុប្បន្ន ជនល្មើសសុខ ថា បានប្រើទូរស័ព្ទរបស់កម្ពុជា លេខ ៎៨៥៥  ៨៨ ៨០៥៦៨៣ បានទូរស័ព្ទមកប្រពន្ធដែលរស់នៅខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ តាមរយៈឯកសារប្រមូលបាន នគរបាលខេត្តគៀនយ៉ាង បានសន្និដ្ឋានថា ឈ្មោះសុខ ថា បានរត់គេចខ្លួនទៅនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដែលមិនទាន់ដឹងច្បាស់អំពីអាសយដ្ឋានពិតប្រាកដនៅឡើយ។ នេះជាមុខសញ្ញាដ៏គ្រោះថ្នាក់បំផុតនៅពេលរត់គេច មុខសញ្ញានេះអាចប្រព្រឹត្តបទល្មើសថែមទៀត ដើម្បីបន្តជីវភាពនិងល្បែងស៊ីសង។ ហេតុនេះ នគរបាលខេត្តគៀនយ៉ាង សំណូមពរលោកស្នងការនគរបាលខេត្តកំពត-កម្ពុជា ជួយសហការជាមួយនគរបាលវៀតណាម ដើម្បីតាមចាប់ខ្លួនមុខសញ្ញា ឈ្មោះសុខ ថា បញ្ជូនមកវៀតណាមកាត់ទោសតាមច្បាប់កំណត់ មិនត្រូវទុកឱ្យជនល្មើសនេះបន្តប្រព្រឹត្តបទល្មើសនៅកម្ពុជា និងវៀតណាម ពេលខាងមុខទៀតទេ។

នគរបាលខេត្តកំពត បានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើនេះបានប្រព្រឹត្តបទឧក្រឹដ្ឋជាច្រើនទៀត នៅវៀតណាម។ ក្រោយប្រពឹត្តបានគេចមកលាក់ខ្លួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លុះទទួលបានការស្នើសុំសហការ ទើបខាងភាគីកម្ពុជា និងភាគីវៀតណាម បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនខាងលើតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តគៀងយ៉ាង បាននិងកំពុងនាំជននេះពីកម្ពុជា ទៅវៀតណាម វិញ ដើម្បីអនុវត្តទោសនៅប្រទេសវៀតណាម៕

RELATED ARTICLES