Tuesday, September 23, 2025
Homeព័ត៌មានជាតិក្មួយស្រីបកស្រាយ ម្តាយមីងប្រុសកាប់ដាច់ដៃ ជះទឹកអាស៊ីដរលួយមុខ

ក្មួយស្រីបកស្រាយ ម្តាយមីងប្រុសកាប់ដាច់ដៃ ជះទឹកអាស៊ីដរលួយមុខ

ខេត្តតាកែវ ៖ នារីវ័យក្មេងត្រូវជាក្មួយស្រីរបស់នារីរូបស្រស់ម្នាក់ ដែលទទួលរងអំពើហិង្សាយ៉ាងឃោរឃៅ ដោយត្រូវបុរសម្នាក់សង្ស័យជាប្រុសស្នេហ៍ កាប់ប្រហារបណ្តាលឱ្យដាច់ដៃខាងឆ្វេងត្រឹមកដៃ និងថែមទាំងបានជះទឹកអាស៊ីដដាក់ផ្ទៃមុខ បណ្តាលឱ្យរលេះរលួយរងរបួសយ៉ាងធ្ងន់បំផុត និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បានចេញមុខធ្វើការបកស្រាយរៀបរាប់ពីដំណើររឿងដែលម្តាយមីងរបស់នាង ត្រូវបានបុរសចិត្តឃោរឃៅជះទឹកអាស៊ីដដាក់ផ្ទៃមុខ និងកាប់ដាច់ដៃម្ខាង។

យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Phlerry Ri ដែលត្រូវជាក្មួយស្រីរបស់ស្ត្រីរងគ្រោះខាងលើ បានធ្វើការបង្ហោះវីដេអូមួយ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ រៀបរាប់ពីដំណើររឿងខ្លះៗ នៃអំពើដ៏ឃោរឃៅរបស់ជនល្មើស ដែលបានប្រព្រឹត្តមកលើម្តាយមីងរបស់នាង ដែលម្តាយមីងរបស់នាង បានរៀបរាប់ប្រាប់ឱ្យដឹងខ្លះៗ។

នារីរងគ្រោះ

តាមរយៈក្នុងវីដេអូឃ្លីបរយៈពេល១២នាទី និង៣០វិនាទី ក្មួយស្រីរបស់នារីរងគ្រោះខាងលើ បានរៀបរាប់ទាំងស្រុងថា “ជម្រាបសួរ អស់លោកអ្នកបងប្អូនដែលចូលចិត្តលេងតាមបណ្តាញសង្គមហ្វេសប៊ុក នាងខ្ញុំជាក្មួយរបស់ជនរងគ្រោះ ម្នាក់ស្រីដែលលឺព័ត៌មានតៗគ្នាថា ដោយសារទឹកអាស៊ីដ និងកាត់ដៃហ្នឹង ថ្ងៃហ្នឹងខ្ញុំមានរឿងចង់និយាយបន្តិច ទាក់ទងជាមួយនឹងអំពើដ៏ឃោរឃៅរបស់បុរសម្នាក់ហ្នឹង ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចទទួលយកបានទេ គ្រាន់តែខ្ញុំនឹកឃើញ ខ្ញុំឡើងចង់ព្រឺសម្បុរ ខ្ញុំមិនដឹងថាត្រូវចាប់ផ្តើមនិយាយពីណាទៅមុនទេ ហើយពេលដែលខ្ញុំនិយាយ ហើយសូមកុំសួរខ្ញុំថា មានរឿងអីកើតឡើង ហេតុអីក៏ដល់ថ្នាក់ហ្នឹង? ព្រោះខ្ញុំគោរពការសម្រេចចិត្តរបស់មីងខ្ញុំ នៅពេលដែលមីងខ្ញុំជាសះស្បើយ គាត់អនុញ្ញាតឱ្យខ្ញុំនិយាយ ខ្ញុំនឹងបកស្រាយបញ្ហាទាំងអស់ ប៉ុន្តែបើសិនជាគាត់មិនអនុញ្ញាត គឺខ្ញុំសុំអត់និយាយទេ ពេលនេះខ្ញុំសូមនិយាយបកទៅកាន់រឿងហេតុហ្នឹងវិញ គឺមុនដំបូង នៅពេលដែលមានការឈ្លោះប្រតាយប្រតប់គ្នាហ្នឹង គឺបុរសម្នាក់ហ្នឹង គាត់បានវ៉ៃជាំខ្លួនហើយ គាត់បានយកកាំបិតប៉័ងតោ មកកាប់ចំពីក្រោយកញ្ចឹងក ប៉ុន្តែមីងខ្ញុំថា ប្រហែលជាកាំបិតហ្នឹងអត់សូវមុត ហើយនៅពេលដែលមីងរបស់ខ្ញុំគាត់ចាប់ផ្តើមរត់ចឹង បុរសម្នាក់ហ្នឹង ក៏បានជះទឹកអាស៊ីដមកលើមុខគាត់ ចូលភ្នែកគាត់ ដើម្បីកុំឱ្យមើលឃើញផ្លូវ ហើយបន្ទាប់មកទៀត នៅពេលដែលភ្នែកមីងខ្ញុំមើលអត់ឃើញ គឺបុរសម្នាក់ហ្នឹងបានយកជើង១ចំហៀង ជាន់កន្លែងដើមដៃ ហើយដៃគេ១ទៀត កាន់កន្លែងម្រាមដៃ រួចក៏យកកាំបិតប៉័ងតោមកចិញ្ច្រាំកន្លែងហ្នឹងយកតែម្តង ហើយដោយសារតែកាំបិតវាអត់សូវមុត ខ្ញុំអត់ដឹងថា មីងខ្ញុំពេលហ្នឹង គាត់ឈឺចាប់ ហើយស្រែកយ៉ាងម៉េចទេ ព្រោះបើកាំបិតមុត កាប់តែ១កាំបិត វាប្រហែលជាអត់សូវឈឺទេ ប៉ុន្តែនេះកាំបិតវាអត់សូវមុត ទើបវាចិញ្ច្រាំយកតែម្តង ហើយដៃ១ចំហៀងទៀត ក៏ខ្ទេចឆ្អឹងដែរ ប៉ុន្តែដោយសារកាំបិតអត់សូវមុត ខ្ញុំអត់ដឹងថាគួរនិយាយថាម៉េចឱ្យត្រូវទេ ព្រោះពេលខ្ញុំនិយាយទៅឡើងញ័រសាច់ទៅហើយ ខ្ញុំមិនដឹងនិយាយ ម៉េចឱ្យត្រូវនឹងសាច់រឿងជាក់ស្តែងទេ តែវាសាហាវជាងហ្នឹងទៀត តែពេលដែលមីងខ្ញុំគាត់បានដេកស្តូកស្តឹងចឹងទៅ វាគិតថា គាត់ស្លាប់ហើយ ទើបវាបានចេញទៅ បន្ទាប់មក មីងខ្ញុំគឺជាមនុស្សមានស្មារតីមាំមែនទែន គឺគាត់បានយកទូរស័ព្ទអិនចុចពិល ចុចទៅទូរស័ព្ទមួយដែលនៅលើគេ គឺជាលេខអ្នកដែលរកស៊ីលក់ដូរជាមួយមីងខ្ញុំ ដែលត្រូវជាប្អូនរបស់ប៉ាខ្ញុំមួយទៀត តេទៅប្រាប់ថាឱ្យជួយផង គាត់ជិតស្លាប់ហើយ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនទៅយកដល់ពេលទៅដល់ ឃើញទូរស័ព្ទជាប់ដៃគាត់ ១ចំហៀងទៀត រួចក៏ដឹកយកទៅពេទ្យស្រុក និយាយរួមទៅ គាត់ជាមនុស្សស្រីដែលពូកែមែនទែនតែម្តង ពូកែទ្រាំ ព្រោះត្រូវទឹកអាស៊ីដផង កាំបិតប៉័ងតោកាប់ចិញ្ច្រាំដៃផង ដាច់ក្បាលបន្តិចផង ហើយដៃជើងសុទ្ធតែស្នាម រីឯខ្លួនខ្នងបន្តិចវារលួយ ហើយវាជះដល់មាត់ និងទ្រូងតិចទៀត គឺគាត់ត្រូវច្រើនមែនទែន ហើយពេលមកពេទ្យដំបូង ភ្នែកគាត់មើល អត់ឃើញទេ ពេលទៅពេទ្យស្រុកដំបូង ពេទ្យថារបួសធ្ងន់ពេក ត្រូវបញ្ជូនមកពេទ្យភ្នំពេញ ហើយពួកខ្ញុំក៏បានដាក់ដៃខ្ចប់មកដែរ តែដោយសារតែពេទ្យប្រាប់ថា ដៃហ្នឹងគឺជនល្មើសិកាប់ចិញ្ច្រាំហើយ នៅបានចិញ្ច្រាំតាមថ្នាំងដៃទៀត ចឹងហើយទើបវាពិបាកតវិញ ហើយពេទ្យថា បើតឡើងវិញ គឺវានឹងកើតមហារីកឡើងវិញដដែល ហើយមុនក្រោយ គឺត្រូវតែកាត់ចោលដដែលហ្នឹង ដោយសារតែវាខូចហើយ វារលួយហើយ មានក្លិនហើយ ចំណែកមុខរបស់គាត់ ប្រហែលជាមានសង្ឃឹមជា ព្រោះអីវាជាអាស៊ីដឡាន ប្រហែលជាអាចព្យាបាលបាន…”។

ក្មួយស្រីរបស់នារីរងគ្រោះខាងលើ បានបន្តថា “ជាមួយនេ ខ្ញុះកំសូ៏មអំពាវនាវដល់សារព័ត៌មាន និងអ្នកមួយចំនួនដែលនិយាយ ដោយមិនទាន់ដឹងព័ត៌មានច្បាស់ កុំទាន់អាលចុះ ព្រោះថា ពេទ្យបានហៅពួកខ្ញុំទៅជួបប្រាប់ថា មីងខ្ញុំពេលហ្នឹងគាត់ត្រូវការការលើកចិត្ត ព្រោះអីគាត់បានបាត់បង់សម្រស់ ហើយនិងដៃ ហើយគាត់គឺជាមនុស្សស្រីម្នាក់ដែលស្រលាញ់សម្រស់ណាស់ ចឹងហើយខ្ញុំអត់ដឹងថា ពេលគាត់ដឹងខ្លួនវិញ គាត់ជាវិញ គាត់អាចទទួលយករឿងទាំងអស់នេះបានឬអត់នោះទេ? ហើយអ្វីដែលពួកខ្ញុំចង់បាននៅពេលនេះ គឺទី១ សុំឱ្យគាត់បានជាសះស្បើយឡើងវិញ សម្រស់គាត់អាចព្យាបាលបាន ទី២ គឺឃាតករដែលប៉ុនប៉ងសម្លាប់ហ្នឹង សូមដាក់ទោសតាមផ្លូវច្បាប់ ដាក់គុកកមួយជីវិត ហើយពេលនេះ គ្រួសារខ្ញុំកំពុងតែមានការព្រួយបារម្ភ ដោយសារតែគេ (ឃាតករ) គឺជាមនុស្សដែលមានលុយ ចឹងពួកខ្ញុំអត់ដឹងថា ក្រោយពេលចាប់បាន ឬចេញពីគុក ហើយគេអាចប្រព្រឹត្តអីទៀតទេ ចឹងពួកខ្ញុំព្រួយបារម្ភ និយាយរួមទៅ គឺគេឃោរឃៅមែនទែន ដោយសារតែមនុស្សរបៀបនេះ ទើបខ្ញុំមិនដឹងថា ត្រូវជេរដោយពាក្យរបៀបម៉េចឱ្យសមទេ ព្រោះមនុស្សខ្ញុំអត់ធ្លាប់ប្រើពាក្យអសុរោះអ្វីទៅកាន់មនុស្សដែលចាស់ជាងខ្លួន…”។

បុរសជាជនសង្ស័យ

ក្មួយស្រីនារីរងគ្រោះ បន្តរៀបរាប់ថា ”ខ្ញុំសូមនិយាយត្រឡបទៅ់ខាងក្រោយវិញបន្តិច នៅពេលទិដ្ឋភាពអ្នកទៅយកគាត់ គឺមីងរបស់ខ្ញុំ ប្អូនរបស់គាត់២នាក់ ហើយម្នាក់ទៀតត្រូវជាអ៊ំរបស់គាត់ ហើយអ្នកទៅយក គ្រាន់តែឃើញ គឺទ្រហោយំ លុះបញ្ជូនមកដល់ពេទ្យហើយ ពួកគេលែងហ៊ានមកមើលទេ ពោលគឺបាក់ស្បាតតែម្តង ពិសេសម្នាក់ប្រុសជាប្អូនរបស់គាត់ ដែលដៃម្ខាងបើកម៉ូតូ ហើយដៃម្ខាងទៀតយួរដៃមីងខ្ញុំមកឱ្យពេទ្យ គឺគួរឱ្យរន្ធត់ខ្លាំងណាស់ ចំណែកមីងរបស់ខ្ញុំវិញ គឺពិតជាពូកែទ្រាំខ្លាំងណាស់ ព្រោះទម្រាំមានអ្នកទៅយកគាត់មកពេទ្យ លុះមកដល់ទម្រាំបានវះកាត់ដៃ ហើយពេលវះកាត់ដៃនោះ គឺគាត់នៅតែដឹងខ្លួន អត់សន្លប់ទេ ទើបពេទ្យបានចាក់ថ្នាំសន្លប់ឱ្យគាត់ តែបានត្រឹមកន្លះម៉ោង គាត់ក៏ដឹងខ្លួនមកវិញទៀត… ជាចុងក្រោយ ក្នុងនាមជាក្រុមគ្រួសារ សូមសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តា ជួយតាមចាប់ឃាតករផង ព្រោះដោយសារតែជននោះគឺជាមនុស្សដែលមានលុយ ចឹងយើងអត់ដឹងថា គេមានគំរោងធ្វើអីៗទៀតទេ…”។

គួររំលឹកថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប៉ុនប៉ងឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ដោយដែលនារីរូបស្រស់ម្នាក់ត្រូវបុរសជាគូស្នេហ៍ចិត្តសាហាវព្រៃផ្សៃកាប់ប្រហារ បណ្តាលឱ្យដាច់ដៃម្ខាង (ត្រឹមកដៃ) និងថែមទាំងបានយកទឹកអាស៊ីដមកជះលើផ្ទៃមុខ ធ្វើឱ្យរលាកលេះរលួយរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត បន្ទាប់ពីនារីរងគ្រោះបានសុំបែកចែកផ្លូវជាមួយនឹងខាងប្រុស។

ស្ត្រីរងគ្រោះដែលត្រូវជនដៃដល់ កាប់ដាច់ដៃ និងថែមទាំងជះទឹកអាស៊ីដ ធ្វើឱ្យរលេះរលួយមុខទៀតនោះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានលំនៅក្នុងភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី។ ចំណែកជនដៃដល់ជាមនុស្សរស់នៅក្នុងភូមិជាមួយគ្នា ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពពីអ្នកជិតខាងនារីរងគ្រោះខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះខាងលើ បានសុំបែកពីជនសង្ស័យដែលគូស្នេហ៍របស់ខ្លួន ប៉ុន្តែខាងប្រុសមិនព្រម ទើបចេះតែតាមរករឿងឈ្លោះប្រកែក រហូតដល់ចុងក្រោយ ក៏ប៉ងផ្តាច់យកជីវិតរបស់នារីរងគ្រោះតែម្តង ដោយបានធ្វើសកម្មភាពកាប់ប្រហារនារីរងគ្រោះ បណ្តាលឱ្យដាច់ដៃខាងឆ្វេង (ត្រឹមកដៃ) បន្ទាប់មកក៏យកទឹកអាស៊ីដ មកចាក់ស្រោចផ្ទៃមុខរបស់នារីរងគ្រោះថែមទៀត ធ្វើឱ្យនារីរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរបំផុត ដូចស្លាប់ទាំងរស់៕

RELATED ARTICLES