ខេត្តពោធិ៍សាត់ ៖ ករណីហិង្សាមួយ ដោយសារយុវជន២នាក់ បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតកើតជាអំពើហិង្សា ដោយភាគីម្ខាងជាមន្ត្រីយោធា បានទាញកាំបិតសាំម៉ូរ៉ៃពីចង្កេះកាប់ប្រហារគូទំនាស់១កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកមកសាកសួរ និងចាត់ការតាមច្បាប បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្ទុបស្ពានថ្មថ្មី ជិតកោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនបង្កហេតុ មានឈ្មោះលី ទៀងឡេង អាយុ២១ឆ្នាំ មុខរបរជាមន្ត្រីយោធា នៅកងពល១៤ មានលំនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ចំណែកជនរងគ្រោះ មានឈ្មោះយុទ្ធ រិទ្ធីសិដ្ឋ អាយុ១៩ឆ្នាំ រងរបួសខ្នងដៃស្តាំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះនិងជនបង្កហេតុខាងលើ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែមិនដឹងឈ្លោះគ្នាពីរឿងអ្វីនោះទេ។ លុះក្រោយពីកើតមានជម្លោះតឹងសរសៃកដាក់គ្នា ភាគីជនដៃដល់ទប់កំហឹងមិនបាន ក៏ទាញកាំបិតសាំម៉ូរ៉ៃពីចង្កេះ ស្ទុះទៅកាប់ប្រហារទៅលើជនរងគ្រោះចំខ្នងដៃខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ដោយឡែក មុនពេលប្រើអំពើហិង្សាលើជនរងគ្រោះ ជនសង្ស័យបានបង្ហោះសារលើហ្វេសប៊ុកថា “កុំគិតថា ហែងរួចខ្លួនអាអូន” បន្ទាប់មកក៏កើតអំពើហិង្សានេះកើតឡើង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានភ្លាមៗ ដោយដកហូតបានវត្ថុតាង (កាំបិតសាំម៉ូរ៉ៃ) បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
