Sunday, July 27, 2025
Homeព័ត៌មានជាតិម៉ែបង្ខំឱ្យយកប្តី កូនស្រីមិនពេញចិត្ត ជិតដល់ថ្ងៃរៀបការ រត់ចោលផ្ទះបាត់

ម៉ែបង្ខំឱ្យយកប្តី កូនស្រីមិនពេញចិត្ត ជិតដល់ថ្ងៃរៀបការ រត់ចោលផ្ទះបាត់

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ អះអាងថា ត្រូវម្តាយបង្ខំចិត្តឱ្យរៀបការជាមួយនឹងបងប្រុសជីដូនមួយ ដែលនាងមិនស្រលាញ់ពេញចិត្ត លុះជិតដល់ថ្ងៃចូលរោងការ ក៏សម្រេចចិត្តរត់ចោលផ្ទះ ធ្វើឱ្យបងប្អូនសាច់ញាតិ ពិសេសស្ត្រីជាម្តាយភ័យឆោឡោ តាមស្វែងរកសព្វកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង9យប់ ថ្ងៃទី03 ខែមីនា ឆ្នាំ2019 នៅចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយរបងកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ។

យុវតីដែលអះអាងថា ត្រូវម៉ែបង្ខំឱ្យយកប្តី តែនាងមិនព្រម ក៏រត់ចោលផ្ទះនេះ មានឈ្មោះ អ៊ាង ស្រីមុំ អាយុ15ឆ្នាំ មុខរបរលក់គ្រឿងក្រអូប នៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅភូមិតាពេចខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមសម្តីរបស់យុវតីឈ្មោះអ៊ាង ស្រីមុំ បានរៀបរាប់ថា នាងត្រូវម្តាយបង្ខំឱ្យរៀបការ ទាំងដែលមានមិនពេញចិត្ត និងមិនស្រលាញ់ខាងប្រុសទាល់តែសោះ ណាមួយបុរសដែលជាកូនកំលោះនោះ គឺត្រូវជាបងជីដូនមួយបង្កើតរបស់នាងទៀតផង ដោយជាប់ខ្សែខាងឪពុក (ឪពុករបស់នាង និងឪពុកកូនកំលោះ ត្រូវជាបងប្អូនបង្កើតនឹងគ្នា)។ ដំបូងឡើយ ខណៈដែលនាងកំពុងធ្វើការនៅរាជធានីភ្នំពេញ ម្តាយក៏បានទូរស័ព្ទពីស្រុកកំណើតមកប្រាប់ថា មានគេចង់ចូលស្តីដណ្តឹងនាង លុះនាងសួរថា ជានរណា ម្តាយក៏ប្រាប់ថា គឺជាបងជីដូនមួយរបស់នាង ពេលនោះ នាងប្រាប់ថាមិនព្រមទេ តែម្តាយប្រាប់ថា ឱ្យទៅជួបមុខគ្នាសិនទៅ។ រហូតដល់ថ្ងៃភ្ជុំ ឆ្នាំ2018 កន្លងទៅ នាងក៏បានទៅលេងស្រុកកំណើត ស្រាប់តែចាស់ទុំទាំងសងខាងបានរៀបចំសង់រោងភ្ជាប់ពាក្យនឹងគ្នាតែម្តង ធ្វើឱ្យនាងស្រឡាំងកាំងនិយាយអ្វីក៏មិនចេញ ណាមួយដោយយល់មុខម្តាយ ទើបនាងសុខចិត្តភ្ជាប់ពាក្យសិនទៅ ចាំគិតទៀត។

យុវតីអ៊ាង ស្រីមុំ បន្តថា លុះគ្រាន់តែភ្ជាប់ពាក្យរួច ស្រាប់តែបងប្អូនចាស់ទុំ បង្ខំឱ្យនាងទៅលេងផ្ទះខាងប្រុសសិន ដោយថែមទាំងរៀបចំវេចបង្វេចខោអាវរបស់នាង ដាក់ចូលឡានរួចជាស្រេចទៀត ទើបនាងប្រកែក ក៏មិនបាន ក៏ព្រមទៅលេងផ្ទះខាងប្រុសទៅ។ លុះក្រោយមកទៀត នាងក៏បានប្រាប់បងប្រុស បងស្រី និងម្តាយដែរថា នាងមិនព្រមរៀបការនោះទេ ប៉ុន្តែម្តាយរបស់នាងបាននិយាយថា បើមិនរៀបការទេ មកធ្វើបុណ្យសពឱ្យគាត់ផង ព្រោះគាត់ច្បាស់ជាស្លាប់មិនខាន។ បន្ទាប់មក នៅថ្ងៃទី03 ខែមីនា ឆ្នាំ2019 ខណៈដែលនៅសល់តែ7ថ្ងៃទៀត នឹងដល់ថ្ងៃចូលរោងការ ទើបនាងសម្រេចចិត្តដាច់ខាតថា មិនព្រមរៀបការទេ ហើយក៏សម្រេចចេញពីផ្ទះ បំណងទៅរកកន្លែងរស់នៅឱ្យឆ្ងាយ ធ្វើម៉េចមិន បងប្អូនសាច់ញាតិតាមមកយកនាងទៅរៀបការបាននោះទេ ហើយជាចុងក្រោយ បើនៅតែបង្ខំឱ្យនាងរៀបការទៀត គឺនាងមានតែផ្លូវស្លាប់មួយមុខគត់។ អ្វីដែលនាងប្រកែកមិនព្រមរៀបការនេះ គឺដោយសារនាងមិនចង់រៀបការជាមួយនឹងសាច់ឈាមខ្លួនឯង ណាមួយនាងនៅក្មេងពេក ហើយក៏មិនមែនមកពីមូលហេតុ នាងមានអ្នកនៅក្នុងចិត្តនោះដែរ ព្រោះសព្វថ្ងៃ នាងគ្មានស្នេហា ឬមានទំនាក់ទំនងជាមួយនឹងមនុស្សប្រុសណាឡើយ។

ចំណែកស្ត្រីជាម្តាយ ឈ្មោះប្រាជ្ញ សារ៉ាន់ អាយុ49ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ ត្រូវប្តីស្លាប់ចោលអស់រយៈពេលជាង10ឆ្នាំមកហើយ។ គាត់មានកូនទាំងអស់4នាក់ (ប្រុស2 ស្រី2) ចំណែកកូនស្រីឈ្មោះអ៊ាង ស្រីមុំ គឺជាកូនពៅនៅក្នុងគ្រួសារ។ តាំងពីដើមមក គាត់ប្រឹងតស៊ូចិញ្ចឹមកូនតែម្នាក់ឯង ដោយគ្មានរួញរាខ្លាចនឿយហត់អ្វីទាំងអស់ តែងដើរស៊ីឈ្នួលជួលព័ទ្ធកម្លាំងគេ ដើម្បីរកប្រាក់ចិញ្ចឹមកូន ឱ្យកូនបានចូលសាលារៀនសូត្រ និងដើរតួជាឪពុកផង ម្តាយផងតែម្នាក់ឯង ហើយក៏មិនដែលគិតប៉ងប្រាថ្នាចង់បានអ្វីពីកូនវិញដែរ គ្រាន់តែចង់ឃើញកូនៗទាំងអស់រស់នៅដោយសុភមង្គលតែប៉ុណ្ណោះ។

ស្ត្រីជាម្តាយរូបនេះ បន្តថា ដោយសារតែសព្វថ្ងៃនេះ គាត់មានជំងឺប្រចាំកាយផង ទំនងជាមិនអាចរស់នៅបានយូរតទៅទៀតទេ ណាមួយក្រុមគ្រួសារជំពាក់បំណុលគេច្រើនផង ឃើញកូនស្រីពៅប្រឹងចេញធ្វើការស៊ីឈ្នួលគេលំបាកពេក ចង់ឱ្យនាងស្រណុកស្រួល ទើបចង់ផ្សំផ្គុំឱ្យកូនមានប្តី ទាន់ដង្ហើមគាត់នៅមាន បានឃើញមុខកូនក្រាបសំពះផ្ទឹម។ បន្ទាប់មក បងប្រុសបង្កើតខាងប្តី ត្រូវជាបងថ្លៃរបស់គាត់ ក៏បានសួរនាំចង់ស្តីដណ្តឹងកូនស្រីពៅ (អ៊ាង ស្រីមុំ) ទៅឱ្យកូនប្រុសរបស់គាត់ធ្វើជាគូអនាគត ទើបគាត់បានពិភាក្សាជាមួយសាច់ញាតិគ្រប់គ្នា និងកូនទាំងអស់ រួមទាំងសាមីខ្លួនកូនស្រីពៅនេះដែរ ហើយនាងក៏និយាយថា សម្រេចតែលើម៉ែទៅៗ ទើបគាត់បានឆ្លើយតបឱ្យបងថ្លៃ រកថ្ងៃចូលស្តីដណ្តឹងតែម្តង រហូតរើសបានថ្ងៃភ្ជុំជាថ្ងៃហូបស្លា ស្តីដណ្តឹង ភ្ជាប់ពាក្យកូនទាំងពីរនាក់។ ដំបូងឡើយ គាត់ក៏បាននិយាយជាមួយកូនស្រីយ៉ាងច្បាស់ដែរថា “គិតឱ្យបានច្បាស់ណា៎ ម៉ែមិនបង្ខំកូនទេ បើព្រមប្រាប់ថាព្រម បើមិនព្រមប្រាប់ម៉ែឱ្យត្រង់” តែកូនស្រីនៅតែឆ្លើយថា ស្រេចលើម៉ែទៅចុះ។ ទើបគាត់បានបើកផ្លូវឱ្យខាងប្រុសចូលស្តីដណ្តឹង ភ្ជាប់ពាក្យ និងត្រូវបានខាងប្រុសជូនថ្លៃបណ្ណាការ ចំនួន1800ដុល្លារទៀតផង ក្រោយមកក៏ដេញពេលាបានផ្សំផ្គុំរៀបការឱ្យកូនទាំង2នាក់ នៅថ្ងៃទី11 ខែមីនា ឆ្នាំ2019 ដោយរៀបចំពិធីនៅផ្ទះខាងកូនកំលោះ ស្ថិតក្នុងភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី03 ខែមីនា ឆ្នាំ2019 នៅសល់តែ 7ថ្ងៃទៀត ត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែកូនស្រីបានបាត់ខ្លួន ដោយគ្មានដំណឹងអ្វីទាំងអស់ ធ្វើឱ្យរូបគាត់ជាម្តាយ មានការព្រួយបារម្ភជាខ្លាំង និងបានទាក់ទងបងប្អូន រហូតឈានដល់ការផ្សព្វផ្សាយស្វែងរកកូនស្រី តាមបណ្តាញសារព័ត៌មានជាច្រើនទៀតផង។ លុះក្រោយមក នៅយប់ថ្ងៃដដែលនោះ ស្រាប់តែឮដំណឹងតាមវិទ្យុ ABC ថា កូនស្រីរបស់គាត់បានរត់គេច និងសុំទៅស្នាក់នៅបណ្តោះអាសន្ន ទើបធ្វើឱ្យស្ត្រីជាម្តាយធ្វើដំណើរស្កាត់ទៅជួបកូនស្រីភ្លាមៗ តែពេលទៅដល់ កូនស្រីបែរជាមិនព្រមជួបមុខគាត់ និងថែមទាំងផ្តាំផ្ញើឱ្យគាត់ជាម្តាយ និងបងប្អូនត្រឡប់ទៅផ្ទះវិញ ទើបគាត់ឱ្យកូនស្រីស្នាក់នៅស្ថានីយវិទ្យុ ABC 1យប់សិន ចាំព្រឹកចាំដោះស្រាយគ្នាបន្ត។

ស្ត្រីជាម្តាយខាងលើ បានបញ្ជាក់ថា លុះមកដល់ស្អែកឡើង ថ្ងៃទី04 ខែមីនា ឆ្នាំ2019 គាត់ក៏បានទៅជួបមុខកូនស្រី ដើម្បីដោះស្រាយគ្នា នៅវិទ្យុ ABC តែម្តង ដោយកូនស្រីនៅតែប្រកាន់ជំហរថា មិនព្រមរៀបការដាច់ខាត និងថែមទាំងគំរាមថា បើនៅតែបង្ខំនាងទៀត នាងនឹងសម្លាប់ខ្លួនហើយ។ នៅពេលស្តាប់ឮសម្តីកូនស្រីបែបនេះ ធ្វើឱ្យគាត់ស្រងាកចិត្តខ្លាំងណាស់ និងមិនយល់ថា មកពីមូលហេតុអ្វីបានជាកូនស្រីគាត់ធ្វើបែបនេះ ព្រោះរឿងរៀបការនេះ គាត់ពិតជាមិនបានបង្ខំនាងនោះទេ ហើយនាងក៏បានយល់ព្រមដោយខ្លួនឯងដែរតាំងពីដើមមក ស្រាប់តែជិតដល់ថ្ងៃ មកធ្វើបែបនេះទៅវិញ និងថែមទាំងចោទថា គាត់ជាម្តាយទៅបង្ខំចិត្តកូនស្រីទៅវិញ។ យ៉ាងណា បើកូនស្រីនៅតែប្រកាន់ជំហរដាច់ណាត់បែបនេះទៅហើយ គឺគាត់មានតែឱ្យរឿងវាទៅតាមដំណើរទៅចុះ និងមានតែរកវិធីនិយាយចរចាជាមួយនឹងខាងកូនកំលោះវិញប៉ុណ្ណោះ តែនឹកសង្ឃឹមថា ខាងកូនកំលោះដែលសុទ្ធសឹងជាសាច់ញាតិបង្កើតនឹងគ្នា មានការយោគយល់អធ្យាស្រ័យដល់គាត់។

ស្ត្រីជាម្តាយរូបនេះ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គាត់ទទួលស្គាល់ថា គាត់ពិតជាមានកំហុស ដែលចង់ឱ្យកូនស្រីរៀបការប្តីមានគ្រួសារ ទាំងវ័យក្មេង និងថែមទាំងជាប់សាច់ញាតិ ជាប់ខ្សែខាងឪពុកយ៉ាងជិតបែបនេះ ប៉ុន្តែគាត់មិនបានបង្ខំចិត្តកូនស្រីនោះទេ ព្រោះគាត់ជាម្តាយដែលស្រលាញ់កូនខ្លាំងណាស់ ពិសេសកូនស្រីពៅមួយនេះ ហើយគាត់ក៏មិនមែនជាម្តាយដែលសម្លឹងឃើញទឹកប្រាក់ ឬថ្លៃបណ្ណាការ ដូចម្តាយគេមួយចំនួននោះដែរ តែគាត់គ្រាន់តែចង់ឱ្យកូនស្រីមានអនាគតល្អ រស់នៅស្រណុកស្រួលទៅថ្ងៃមុខ ដោយនឹកឃើញថា ខាងឪពុក ម្តាយក្មេក គេស្រលាញ់នាងណាស់ ណាមួយជីវភាពគេធូរធារជាងគ្រួសារគាត់ អាចផ្តល់សេចក្តីសុខសុភមង្គលដល់កូនស្រីគាត់បាន ពោលគឺគាត់មិនដែលមានបំណង ឬគំនិតបង្ខំចិត្តកូនស្រី ឬលក់កូនស្រីនោះដែរ។

ដោយឡែក ភាគីបុរសជាឪពុកកូនកំលោះដែលត្រូវជាអ៊ំប្រុសបង្កើតរបស់យុវតី អ៊ាង ស្រីមុំ បានបញ្ជាក់ឱ្យដឹងថា មិនគួរណាក្មួយស្រីម្នាក់នេះ ដែលគាត់រំពឹងថា ជាកូនប្រសាស្រីដ៏ល្អរបស់គាត់នៅថ្ងៃអនាគត បំពេញទុក្ខដល់ក្រុមគ្រួសារគាត់បែបនេះសោះ ព្រោះពេលនេះ គាត់បានរៀបចំពិធីមង្គលការឱ្យកូនប្រុសស្រីនេះរួចរាល់អស់ទៅហើយ ដោយកក់រួចរាល់តាំងពីតុ ផ្នួងសម្អាងការ ភ្លេងភ្លាត់ និងបានទាំងអញ្ជើញភ្ញៀវរួចអស់ដែរ ដោយគាត់គ្រោងរៀបចំទទួលភ្ញៀវដល់ទៅ70តុ និងចំណាយអស់ប្រមាណជាង5ពាន់ដុល្លារឯណោះ ស្រាប់តែជិតដល់ថ្ងៃ បែរជាកូនក្រមុំរត់ចោលផ្ទះ មកប្រកែកថា មិនព្រមរៀបការទៅវិញ។

បុរសជាឪពុកកូនកំលោះ បន្តថា ដំបូងឡើយ ដោយសារតែមើលឃើញជីវភាពគ្រួសារខាងកូនក្រមុំ ដែលត្រូវជាសាច់ញាតិបង្កើតរបស់គាត់មានជីវភាពក្រីក្រលំបាក ទើបគាត់ចង់ជួយផ្ចុងផ្តើម លុះសម្លឹងឃើញក្មួយស្រី (អ៊ាង ស្រីមុំ) មានចរិតល្អ រូបសម្រស់ក៏ស្អាត ហើយណាមួយប្តីប្រពន្ធពួកគាត់ស្រលាញ់នាងទុកដូចជាកូនបង្កើតអ៊ីចឹង ទើបចង់ភ្ជាប់សាច់ឈាមនឹងគ្នាទៅ។ មុនដំបូង គាត់ក៏បានសាកសួរសម្តីទៅខាងប្អូនថ្លៃស្រី (ម្តាយកូនក្រមុំ) ដោយប្រាប់ថា គាត់ចង់ភ្ជាប់សាច់ឈាមកូនប្រុសជាមួយនឹងនាងអ៊ាង ស្រីមុំ និងថែមទាំងប្រាប់ថា ត្រូវសួរចិត្តកូនស្រីឱ្យបានច្បាស់លាស់ និងមិនត្រូវបង្ខំកូនស្រីដាច់ខាត ព្រោះសម័យនេះទៅហើយ មិនអាចបង្ខិតបង្ខំក្មេងៗបានទេ ហើយបើយល់ព្រម ខ្ញុំនឹងចូលស្តី។ លុះក្រោយមក ម្តាយកូនក្រមុំក៏ប្រាប់គាត់ថា បានសួរនាំចិត្តសាមីខ្លួនកូនស្រី និងបានពិភាក្សាក្នុងរង្វង់គ្រួសារច្បាស់លាស់អស់ហើយ ដោយកូនស្រីនោះ ឆ្លើយថាព្រម ទើបគាត់បានចូលស្តីដណ្តឹងតាមប្រពៃណីត្រឹមត្រូវ ហើយក៏មិនឃើញកូនស្រីនេះប្រកែកអ្វីដែរ។ មិនតែប៉ុណ្ណោះ កូនក្រមុំនេះក៏ស្រលាញ់ពួកគាត់ជាឪពុកធំ ម្តាយធំខ្លាំងណាស់ដែរ រហូតដល់ហៅសុទ្ធតែពុកម៉ែពេញៗមាត់ទៀតផង ហើយកន្លងមក នាងធ្លាប់មកលេង និងស្នាក់នៅផ្ទះគាត់ដល់ទៅ2យប់ឯណោះ ពោលគឺតាំងពីថ្ងៃស៊ីស្លា (ភ្ជាប់ពាក្យ) រួច នាងបានមកសម្រាកនៅផ្ទះគាត់1យប់ ក្រោយមកនៅថ្ងៃចូលឆ្នាំចិន នាងបានមកដេកលេងនៅផ្ទះគាត់1យប់ទៀត និងមិនឃើញនិយាយប្រាប់ ឬព្រលយពាក្យឱ្យពួកគាត់ជាចាស់ទុំបានដឹងថា នាងគ្មានចិត្តចង់រៀបការសោះ ស្រាប់តែជិតដល់ថ្ងៃសល់តែ១អាទិត្យទៀតចូលរោងការ បែរជានាងធ្វើបែបនេះ ផ្អើលពេញប្រទេសតែម្តង។

បុរសជាឪពុកកូនកំលោះ បានបញ្ជាក់ថា ដល់ដំណាក់កាលនេះទៅហើយ គាត់ក៏មិនបង្ខំចិត្តអ្វីដែរ ព្រោះស្តាប់មើលទៅជំហររបស់នាង គឺមិនព្រមរៀបការដាច់ខាត រហូតដល់បោះពាក្យសម្តីសុទ្ធតែសុខចិត្តស្លាប់ទៅទៀត ហេតុនេះគាត់ក៏មិនអាចផ្សំផ្គុំតទៅទៀតដែរ តាមចិត្តរបស់គេចុះ គ្រាន់តែគាត់អន់ចិត្តថា បើមិនព្រមបែបនេះ ហេតុអ្វីយូរណាស់មិនព្រមប្រាប់ ទើបតែមកប្រាប់អីពេលនេះ ខណៈដែលគាត់បានចំណាយរៀបចំពិធីអស់ទៅហើយ និងថែមទាំងអញ្ជើញភ្ញៀវអស់ទៀត មិនដឹងជាត្រូវយកមុខទៅទុកឯណាទេ។

ជាចុងក្រោយ ភាគីទាំងអស់បានសម្រេចស្រុះស្រួលគ្នាបញ្ចប់រឿង ដោយព្រមរំសាយពិធីមង្គលការតាមចិត្ត និងបំណងរបស់យុវតីអ៊ាង ស្រីមុំ។ ចំណែកស្ត្រីជាម្តាយបានសំណូមពរឱ្យកូនស្រីត្រឡប់ទៅផ្ទះវិញ ឬចូលធ្វើការវិញតាមធម្មតា ឈប់មានបំណងរត់ចោលផ្ទះ ទៅសម្ងំលាក់ខ្លួននៅឯណាទៀត ព្រោះគាត់មិនបង្ខំឱ្យនាងរៀបការទេ។ បន្ទាប់មក យុវតីអ៊ាង ស្រីមុំ ក៏បានក្រាបសំពះបាតជើងម្តាយ ជាការសុំខមាលទោសនូវរាល់ពាក្យសម្តី ឬទង្វើខុសឆ្គងរបស់នាងកន្លងមក ពិសេសការភាន់ច្រឡំ ដោយគិតថាម្តាយជាមនុស្សអាក្រក់ បង្ខំឱ្យនាងរៀបការ។ ដោយឡែក ភាគីខាងកូនកំលោះឯណោះវិញ ក៏ព្រមព្រៀងរំសាយមង្គលការចោល ដោយមិនបានខឹងសម្បាអ្វីដែរ គ្រាន់តែអន់ចិត្តរឿងសាមីខ្លួនកូនក្រមុំ មិនព្រមប្រាប់ឱ្យបានមុន ចៀសវាងការខាតបង់ផ្សេងៗ។ តែយ៉ាងណា ខាងកូនកំលោះក៏មិនបានបង្ហាញពីសញ្ញាណាមួយ ពីរឿងប្តឹងផ្តល់ទារជំងឺចិត្ត ឬថ្លៃបណ្ណាការពីខាងស្រីនោះដែរ ព្រោះតែជាសាច់ឈាមបង្កើតនឹងគ្នា ពិសេសបានដឹងច្បាស់ពីស្ថានភាពជីវភាពរបស់ក្រុមគ្រួសារខាងស្រី ហេតុនេះព្រមបញ្ចប់បញ្ហាដោយសន្តិវិធី៕

RELATED ARTICLES