ខេត្តកំពង់ចាម ៖ បុរសចុះប្រេងវង្វេងស្នេហ៍ម្នាក់ បានចាប់ចិត្តស្នេហ៍លើនារីម្នាក់ រហូតដល់ប្រាប់ឱ្យចាស់ទុំចូលស្តីដណ្តឹងបំណងយកមកធ្វើជាគូគាប់ទ្រនាប់ជីវិត លុះពេលចូលស្តី ខាងស្រីបែរជាបដិសេធមិនព្រមទទួល ជាហេតុធ្វើឱ្យខាងប្រុសឈឺចិត្តស្អិតទ្រូង រហូតដល់ចងជាគំនុំទុកក្នុងចិត្ត លុះមានឱកាសក៏តាមទៅវ៉ៃនារី ដែលខ្លួនស្នេហ៍តែស្តីដណ្តឹងមិនបាន ដល់ក្នុងបន្ទប់ស្នាក់នៅ ព្រមទាំងគំរាមសម្លាប់ចោលទៀតផង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់វ៉ៃខ្នោះបុរសឆ្កួតស្នេហ៍ខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាប្រុសតាមវ៉ៃស្រីដល់ក្នុងបន្ទប់ ព្រោះតែខឹងចូលស្តីដណ្តឹងមិនបាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលស្នាក់នៅរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ជនសង្ស័យដែលខឹងចូលស្តីដណ្តឹងស្រីអត់បាន បែរជាបែកគំនិតតាមទៅវាយនិងគំរាមសម្លាប់ខាងស្រីដល់ក្នុងបន្ទប់ មានឈ្មោះមុត ឡេង អាយុ២៩ឆ្នាំ ជាបុគ្គលិកធនាគារ A.B.A ស្រុកចំការលើ មានលំនៅក្នុងភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។ ចំណែកនារីរងគ្រោះ មានឈ្មោះវ.ល អាយុ២៥ឆ្នាំ ជាបុគ្គលិកធនាគារអេស៊ីលីដា ស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកន្លែងលិច ឃុំល្វាលើ ស្រុកចំការលើ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ មុត ឡេង បានចាប់នាងនៅតាមផ្លូវ រួចបង្ខំឱ្យជិះម៉ូតូជាមួយគេ បន្ទាប់មក ជនសង្ស័យក៏ឌុបនាងចូលដល់ក្នុងបន្ទប់ជួលរបស់នាង។ គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាម ស្រាប់តែជនសង្ស័យក៏បានធ្វើសកម្មភាពវាយទាត់ធាក់ជាច្រើនជើង និងបានចាប់ច្របាច់ករបស់នាង រួចយកកាំបិតចិតបន្លែ មកគំរាមអារកសម្លាប់នាងចោលទៀតផង ធ្វើឱ្យនាងភិតភ័យ ប្រុងទូរស័ព្ទរកជំនួយ ស្រាប់តែត្រូវជនសង្ស័យចាប់បោកទូរសព្ទ័ដៃរបស់នាង ម៉ាកវីវ៉ូ បណ្តាលបែកខ្ទេច ១គ្រឿងថែមទៀត។
នារីរងគ្រោះបន្តថា មូលហេតុដែលជនសង្ស័យ តាមមកវាយធ្វើបាននាងទាំងកំរោលបែបនេះ គឺដោយសារតែជនសង្ស័យបានតាមស្រលាញ់នាង តែនាងមិនស្រលាញ់វិញទេ បន្ទាប់មកជនសង្ស័យបានទាំងចូលស្តីដណ្តឹងនាងទៀត តែត្រូវនាងប្រកែក ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ធ្លាប់បានគំរាមមិនឱ្យនាងទាក់ទងជាមួយបុរសផ្សេងទៀតឡើយ ពុំនោះទេគេនឹងសម្លាប់នាងចោលមិនខាន។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានមកធ្វើសកម្មភាពប្រើអំពើហិង្សាដាក់នាងទាំងកំរោលតែម្តង។
ក្រោយកើតហេតុ អ្នកស្នាក់នៅជិតខាងបន្ទប់ជួលនារីរងគ្រោះ បានឮសូរសំឡេងឈ្លោះប្រកែក និងឮសម្រែកស្រែកឱ្យជួយផងនោះ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនជនវង្វេងស្នេហ៍ខាងលើ នាំយកទៅចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានករណីអំពើហិង្សាកើតឡើងនៅចំណុចកើតហេតុខាងលើ លោកក៏បានដឹកនាំកម្លាំងចុះអន្តរាគមន៍ជាបន្ទាន់ និងបានចាប់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។
ជនសង្ស័យឈ្មោះមុត ឡេង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕