ខេត្តកំពង់ចាម ៖ ហេតុការណ៍មន្ត្រីនគរបាលប៉ុស្តិ៍ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួននៅក្នុងកន្លែងធ្វើការ បណ្តាលឱ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ស្ថិតក្នុងភូមិព្នៅលិច ឃុំព្រៃចារ ស្រុកជើងព្រៃ។
បុរសគិតខ្លី មានឈ្មោះស៊ុន ចាន់ពិសី ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ បម្រើការងារ នៅប៉ុស្តិ៍នគរបាលព្រៃចារ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីមន្ត្រីនគរបាលដែលរួមការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានចូលមកធ្វើការដូចសព្វដង រហូតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ខណៈដែលគ្រប់គ្នាចេញទៅរកបាយទឹកហូប ជនរងគ្រោះមិនបានចេញទៅជាមួយគេទេ ដោយប្រាប់ថា ចង់សម្រាកនៅកន្លែងវិញ ស្រាប់តែបន្តិចក្រោយមក ក៏លាន់ឮសំឡេងកាំភ្លើងចេញពីក្នុងប៉ុស្តិ៍ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោស្ទុះចូលទៅមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះបានដេកស្លាប់ជាប់នឹងទូដាក់ឯកសារនៅក្នុងបន្ទប់ធ្វើការបាត់ទៅហើយ និងប្រទះឃើញអាវុធប្រភេទអាកាកាត់ស្វាយ នៅក្បែរសាសកសពជនរងគ្រោះផងដែរ ទើបដឹងថា ជនរងគ្រោះបានបាញ់សម្លាប់ខ្លួន ក៏ប្រញាប់ផ្តល់ដំណឹងដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងរាយការណ៍សុំអន្តរាគមន៍ពីខាងជំនាញឱ្យចុះមកពិនិត្យតែម្តង។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយជាយូរមកហើយ ទោះជាព្យាបាលយ៉ាង ណា ក៏មិនជាសោះ ជាហេតុធ្វើឱ្យជនរងគ្រោះចេះតែកើតមានអារម្មណ៍ធុញថប់ ខណៈដែលប្រពន្ធរបស់ជនរងគ្រោះទើបនឹងសម្រាលកូនបាន៣ខែប៉ុណ្ណោះ រហូតធ្វើឱ្យស្ត្រីជាប្រពន្ធយំសោកបោកខ្លួនយ៉ាងខ្លាំង។
ក្រោយកើតហេតុ ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ ជំនាញបច្ចេកទេសស្រុក និងខេត្ត បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕