ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាកូនប្រសាលោកមេភូមិ បានកើតមានទំនាស់ពាក្យសម្តីតិចតួចជាមួយអ្នកជិតខាង ពីរឿងចតម៉ូតូ និងរថយន្តតាមផ្លូវ ស្រាប់តែទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទះកំផ្លៀងស្ត្រីជាគូទំនាស់ ចំនួន៣ដៃ ធ្វើឱ្យភាគីស្ត្រីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលោកមេភូមិសាមគ្គី២ ស្ថិតក្នុងភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ ដែលអះអាងថា ត្រូវកូនប្រសាលោកមេភូមិទះកំផ្លៀង៣ដៃ មានឈ្មោះកែវ ចាន់វាសនា អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាង រស់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនបង្កមិនស្គាល់ឈ្មោះ គ្រាន់តែដឹងថា ត្រូវជាកូនប្រសាលោកមេភូមិសាមគ្គី២។

តាមសម្តីស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា ផ្ទះរបស់នាងនៅទល់មុខផ្ទះលោកមេភូមិ ហើយនៅមុនកើតហេតុ នាងបានទុកម៉ូតូនៅមុខផ្ទះ ចំណែកជនបង្កដែលជាកូនប្រសាលោកមេភូមិ បាននាំគ្រួសាររបស់គេ់មកលេងផ្ទះឪពុកក្មេក ដោយទុករថយន្តនៅមុខផ្ទះរបស់ពួកគេដែរ បន្ទាប់មក មានរថយន្ត១គ្រឿងទៀត បានបើកតាមផ្លូវខាងលើ តែបើកមិនរួចទេ ពេលនោះ ស្រាប់តែកូនស្រីរបស់ជនបង្ក ត្រូវជាចៅមេភូមិ បាននិយាយដៀមដាមរឿងទុកម៉ូតូឱ្យទើសផ្លូវគេបើកបរ។ ចំណែកនាងវិញ ស្តាប់ឮបែបនេះ ក៏តបតសម្តីទៅវិញថា រថយន្តទុកកណ្តាលផ្លូវមិនទើស បែរជាមកទើសម៉ូតូទុកចិញ្ចើមផ្លូវទៅវិញ រួចក៏ធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា និងជេរប្រមាថគ្នាទៅវិញទៅមកផងដែរ ចំណែកឯជនបង្កឃើញកូនស្រីឈ្លោះប្រកែកគ្នា ខឹងពេក បានទះកំផ្លៀងនាងជាជនរងគ្រោះ១ដៃ ធ្វើឱ្យនាងខឹងក៏ជេរទៅជនបង្ក១ម៉ាត់ ស្រាប់តែជនបង្កបានស្ទុះមកទះកំផ្លៀង២ដៃបន្ថែមទៀត សរុប៣ដៃ ព្រមទាំងប្រពន្ធជនបង្កក៏ចូលរួមផងដែរ។

ចំណែកភាគីបង្ក បានឱ្យដឹងថា គាត់អត់បានវាយទៅលើស្ត្រីរងគ្រោះនោះទេ គ្រាន់តែប្រតាយប្រតប់គ្នាតិចតួចទេ។ ចំណែកប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា ពួកគាត់បានឃើញបុរសកូនប្រសាមេភូមិខាងលើ បានវាយស្ត្រីរងគ្រោះប្រាកដមែន តែពួកគាត់មិនហ៊ាននិយាយឡើយ ព្រោះខ្លាច…។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសួរនាំបន្ត៕
