ខេត្តកណ្តាល ៖ បុរស២នាក់ ជាកម្មករឡឥដ្ឋជាមួយគ្នា បានជួបជុំគ្នាផឹកស៊ី លុះស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ដោយភាគីម្ខាងប្រចណ្ឌ ប្រពន្ធរបស់ខ្លួនជាមួយនឹងភាគីម្ខាងទៀត រហូតដល់ទប់ចិត្តមិនបាន ក៏ទាញដំបងឬស្សី វាយសំពងគូទំនាស់ ចំនួន៣ដំបងចំក្បាល ធ្វើឱ្យភាគីម្ខាងទៀតខឹង ក៏ទាញស្នមុខ៥មកចាក់សងវិញ ចំដើមទ្រូង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍អំពើហិង្សាផ្តើមចេញពីភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះដែលត្រូវគូទំនាស់ចាក់១ស្ន មុខ៥បណ្តាលឱ្យស្លាប់ មានឈ្មោះស៊ុំ វឿន ហៅប៉ាវចិន អាយុ៣៨ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ស្រុកខ្សាច់កណ្តាល។ ចំណែកជនដៃដល់ មានឈ្មោះសំ សុង អាយុ២៤ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ជនរងគ្រោះ និងជនដៃដល់ ធ្វើការជាកម្មករឡឥដ្ឋជាមួយគ្នា និងស្នាក់នៅក្នុងសិប្បកម្មឡឥដ្ឋ ក្នុងមូលដ្ឋានកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យនិងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា រហូតដល់ស្រវឹងជោកជាំ ក៏កើតិមានជម្លោះតឹងសរសៃកដាក់គ្នា ដោយភាគីជនរងគ្រោះបានប្រចណ្ឌប្រពន្ធ ជាមួយនឹងជនសង្ស័យ ទើបធ្វើឱ្យកើតជាអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយពេលនោះជនរងគ្រោះបានយកដំបងឬស្សី វាយទៅលើជនសង្ស័យត្រូវចំក្បាលចំនួន៣ដំបង។ លុះពេលជនសង្ស័យខឹង ក៏ស្ទុះទៅទាញស្នមុខ៥ សម្រាប់ចាក់ត្រី យកមកចាក់ប្រហារជនរងគ្រោះ ត្រូវចំដើមទ្រូង ហើយភ្លាមនោះ ជនរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុបាត់ ពុំដឹងទៅណាទេ។ រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ទើបប្រជាពលរដ្ឋបានឃើញជនរងគ្រោះដេកស្លាប់ផ្ទាល់ដីនៅជាប់ផ្ទះរបស់ឈ្មោះវ៉ៃ ស្រីលក្ខ័ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕




