ខេត្តព្រះសីហនុ ៖ រថយន្តតាក់ស៊ីមួយគ្រឿង ត្រូវបានអ្នកបើកបរអែបឈប់ រួចដោះលេខ ប៉ុន្តែច្រឡំដាក់ D ធ្វើឱ្យឡានរំកិលទៅមុខ ទើបម្ចាស់ព្យាយាមជាន់ហ្វ្រាំងទប់ បែរជាជាន់ច្រឡំចំហ្គែរ បណ្តាលឱ្យស្ទុះទៅបុកប្តីប្រពន្ធ២នាក់ ផ្ទប់ជញ្ជាំងផ្ទះ ធ្វើឱ្យបុរសជាប្តីស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធទទួលរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវសេរីភាព ត្រង់ចំណុចមុខផ្ទះជាងជី ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បុរសរងគ្រោះដែលត្រូវរថយន្តបុកផ្ទប់ជញ្ជាំងស្លាប់ មានឈ្មោះវ៉ន វាសនា អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធដែលទទួលរងរបួសធ្ងន់ មានឈ្មោះទៀង ហុង អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធជនរងគ្រោះ មានលំនៅក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែករថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌គយ ពាក់ស្លាកលេខភ្នំពេញ 2AJ-1584 បើកបរដោយឈ្មោះ ធាំ រ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី មានលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌ័រខាងលើ ដែលជារថយន្តតាក់ស៊ីបាន បើកបរក្នុងទិសដៅដឹកភ្ញៀវពីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ។ លុះក្រោយពេលដាក់ភ្ញៀវចុះអស់ហើយ អ្នកបើកបរនិងជាម្ចាស់រថយន្ត បានបើករថយន្តរបស់ខ្លួនទៅផ្ទះជាងជី ដើម្បីប្តូរអំពូលភ្លើង លុះទៅដល់ចំណុចខាងលើ អ្នកបើកបររថយន្ត ក៏បានដោះលេខរថយន្ត តែច្រឡំដាក់លេខ D រួចត្រៀមចេញពីរថយន្ត ទើបធ្វើឱ្យរថយន្តរអិលថយក្រោយ ភ្លាមនោះ អ្នកបើកបរក៏ស្ទុះទៅជាន់ហ្វ្រាំង ស្រាប់តែជាន់ច្រឡំចំហ្គែរ ធ្វើឱ្យរថយន្តបានស្ទុះទៅមុខ បុកនឹងម្ចាស់តូបចំនួន២នាក់ប្តីប្រពន្ធផ្ទប់ជាប់នឹងជញ្ជាំងផ្ទះ បណ្តាលឱ្យបុរសជាប្តីឈ្មោះវ៉ន វាសនា ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះទៀង ហុង ទទួលរងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកបររថយន្ត នាំទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ រីឯវត្ថុតាង រថយន្ត១គ្រឿង ក៏ត្រូវបានអូសយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕


