ភ្នំពេញ ៖ សិប្បកម្មផលិតទឹកកកដើម និងទឹកកកអនាម័យមួយកន្លែង ដែលបានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ បង្កឱ្យប៉ះពាល់ដល់អ្នក ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ត្រូវបានប្រជាពលរដ្ឋប្តឹងទៅអាជ្ញាធរឱ្យចុះជួយអន្តរាគមន៍ រហូតឈានដល់ការបិទសិប្បកម្មផលិតទឹកកកមួយនេះ ទាំងយប់ ចៀសវាងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។

ប្រតិបត្តិការចុះបិទសិប្បកម្មផលិតទឹកកកទាំងយប់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មផលិតទឹកក TOP ICE ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរសិប្បកម្មផលិតទឹកកកខាងលើនេះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែមានជាតិអាម៉ូញ៉ាក់ បានសាយភាយចេញពីសិប្បកម្មផលិតទឹកកកខាងលើ បង្កឱ្យអ្នកក្បែរខាងពិបាកដកដង្ហើមយ៉ាងខ្លាំង ទើបធ្វើឱ្យមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា កន្លងមក សិប្បកម្មនេះធ្លាប់បានធ្លាយជាតិអាម៉ូញ៉ាក់ជាបន្តបន្ទាប់ ជាច្រើនដងមកហើយ បង្កការប៉ះពាល់ដល់អ្នកជិតខាងយ៉ាងខ្លាំង។ ដោយគិតតាំងពីដើមខែមីនា មក សិប្បកម្មផលិតទឹកកក TOP ICE បានធ្លាយជាតិអាម៉ូញ៉ាក់ ចំនួន៣ដងមកហើយ។

បន្ទាប់ពីមានការធ្លាយជាតិអាម៉ូញ៉ាក់ ចេញពីសិប្បកម្មផលិតទឹកកកខាងលើរួចមក នៅវេលាម៉ោងប្រមាណ៧យប់ លោកឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ រួមទាំងមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់ និងសមត្ថកិច្ចក៏បានចុះទៅពិនិត្យទីតាំងដើម្បីសាកសួរ។
តាមមេការសិប្បកម្ម បានឱ្យដឹងថា មូលហេតុដែលសាយភាយជាតិអាម៉ូញ៉ាក់នេះ ដោយសារតែម៉ាស៊ីនចង្វាក់ផលិតកម្មខូច ហើយជាងដោះធ្វើ ទើបធ្វើឱ្យជាតិអាម៉ូញ៉ាក់ដែលនៅសេសសល់បានសាយភាយ។ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានលើកឡើងថា នេះគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ។

ករណីខាងលើនេះ អាជ្ញាធរបានសម្រេចធ្វើកំណត់ហេតុបិទសិប្បកម្មខាងលើជាបណ្តោះអាសន្នទាំងយប់ រង់ចាំមន្ត្រីជំនាញ និងអាជ្ញាធរ ចុះត្រួតពិនិត្យច្បាប់អនុញ្ញាតនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ បន្តទៀត៕