Sunday, July 27, 2025
Homeព័ត៌មានជាតិផ្អើលហាងប៉ុណ្ណឹងហើយ សមត្ថកិច្ចមកដល់ ចង់ចេញក្បាច់គុនទៀត

ផ្អើលហាងប៉ុណ្ណឹងហើយ សមត្ថកិច្ចមកដល់ ចង់ចេញក្បាច់គុនទៀត

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ បានទៅធ្វើការអុកឡុកហាងមួយកន្លែងជិតផ្ទះរបស់ខ្លួន ដោយវាយសម្ភារៈក្នុងហាង បង្កឱ្យមានការខូចខាតអស់មួយចំនួនធំ និងត្រូវម្ចាស់ហាងទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចុះចាប់វាយខ្នោះនាំយកទៅសាកសួរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអាហារដ្ឋាន១៧១ ម្ហូបកម៉្មង់ តាមបណ្តោយផ្លូវលេខ៤០២ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសខាងលើ ដែលធ្លាប់មានជម្លោះជាមួយម្ចាស់ហាងម្តងរួចមក មិនដឹងជាផឹកស្រវឹងមកពីណា ស្រាប់តែដើរចូលទៅអុកឡុកដល់ក្នុងហាងខាងលើ ដោយបានវាយកម្ទេចសំភារក្នុងហាង ធ្វើឱ្យរងការខូចខាតអស់មួយចំនួន ជាហេតុធ្វើឱ្យម្ចាស់ហាង ទ្រាំលែងបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ស្រាប់តែបុរសខាងលើ បែរជាចង់តដៃជាមួយសមត្ថកិច្ចទៀត ទើបកម្លាំងសមត្ថកិច្ចសម្រេច ប្រើធម៌ក្តៅចាប់វៃខ្នោះតែម្តង។

បន្ទាប់ពីបញ្ជូនបុរសខាងលើទៅដល់ប៉ុស្តិ៍ដោះស្រាយគ្នា ដោយសារតែភាគីម្ចាស់ហាង មានការយោគយល់ គិតថាមនុស្សធ្លាប់ស្គាល់គ្នា ទើបសម្រេចមិនប្តឹងផ្តល់បុរសរូបនេះទេ គ្រាន់តែឱ្យជនបង្ករូបនេះសុំទោសនៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿង និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបែបនេះទៀត។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើធ្លាប់បង្ករឿងបែបនេះ ចំនួន២ដងរួចមកហើយ៕

RELATED ARTICLES