ខេត្តកោះកុង ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានកើតមានជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ និងឧស្សាហ៍កើតអាការប្រកាច់ជាញឹកញាប់ លុះពេលកំពុងឈរលេងនៅក្បែរមាត់ទឹក ស្រាប់តែអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់ធ្លាក់ចូលទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផែរអូប័រ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ក្មេងប្រុសរងគ្រោះខាងលើ មានឈ្មោះជិន រក្សា អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ក្មេងប្រុសរងគ្រោះបានកើតមានអាការជំងឺប្រចាំកាយជាច្រើនឆ្នាំមកហើយ និងឧស្សាហ៍ធ្វើទុក្ខប្រកាច់ជាកញឹកញាប់ ទើបក្រុមគ្រួសារបានព្យាយាមតាមមើលថែកូនប្រុសនេះខ្លាំងណាស់ មិនឱ្យលេងទឹក ឬនៅក្បែរទឹកឡើយ ខ្លាចអាការជំងឺធ្វើទុក្ខ មានគ្រោះថ្នាក់ដល់អាយុជីវិត។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារភ្លេចខ្លួនតែបន្តិច ស្រាប់តែក្មេងប្រុសរងគ្រោះបានដើរទៅលេងនៅក្បែរមាត់ទឹក បន្ទាប់មក ស្រាប់តែអាការជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់រួចធ្លាក់ចូលទៅក្នុងទឹក តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋក្បែរនោះ ប្រទះឃើញទាន់ ក៏ស្រែកឆោឡោ ស្ទុះហក់ចុះទឹក ទៅជួយស្រង់ក្មេងប្រុសរងគ្រោះឡើងមកលើគោក ជួយសង្គ្រោះបឋម រួចប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យបង្អែកខេត្ត ទើបធ្វើឱ្យក្មេងប្រុសរងគ្រោះបានរួចរស់ជីវិត៕