ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់កំពុងជិះម៉ូតូនៅតាមដងផ្លូវតែម្នាក់ឯងសុខៗ ក៏ស្រាប់តែត្រូវរថយន្តដឹកបន្លែ១គ្រឿង បើកមកបុកបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ចំណែកម៉ូតូបានជាប់ក្រោមរថយន្តកិនអូស រហូតផ្ទុះឆេះយ៉ាងសន្ធោសន្ធៅមើលលែងស្គាល់ម៉ាក រីឯរថយន្តក៏ត្រូវភ្លើងឆេះ រងការខូចខាតកម្រិតធ្ងន់ផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រថយន្តដឹកបន្លែបុកម៉ូតូធ្វើឱ្យផ្ទុះឆេះហ្មត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ លើលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៤-៥៥ ចំណុចភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង។

ឥប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-1809 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះពេលមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក ធ្វើឱ្យកៀបជាប់ក្រោមរថយន្ត កិនអូសរហូតដល់ផ្ទុះឆេះមានអណ្តាតផ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរថយន្តឆេះខូចខាតកម្រិតធ្ងន់ ចំណែកម៉ូតូឆេះខូចខាតទាំងស្រុង មើលមិនស្គាល់ម៉ាក។
ប្រភពដដែល បន្តថា គ្រោះថ្នាក់នេះ មុនពេលកើតហេតុ គឺភាគីម៉ូតូបើកបរស្របទិសគ្នាជាមួយរថយន្តហើយត្រូវរថយន្ត បើកបុកហើយ កិនបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះតែម្តង។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់) និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន១គ្រឿង ដើម្បីចុះជួយអន្តរាគន៍ ជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។
បន្ទាប់ពីចុះធ្វើការវាស់វែង និងពិនិត្យទីតាំងកើតហេតុរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីចាត់ការបន្តតាមនីតិវិធី៕