ខេត្តពោធិ៍សាត់ ៖ បុរស១ក្រុម បាននាំគ្នាលើកដាំបង្គោលភ្លើង១ដើម ដើម្បីដាក់អំពូលបំភ្លឺនៅក្នុងបរិវេណវត្ត ស្រាប់តែអកុសល ដាំមិនទាន់ជាប់ស្រួលបួលផង បង្គោលភ្លើងនោះ បានរលំមកសង្កត់ចំយុវជនម្នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោងនិង១៥នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តព្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង។
យុវជនរងគ្រោះដែលត្រូវបង្គោលភ្លើងរលំសង្កត់ស្លាប់ មានឈ្មោះសីហា ឌីណា អាយុ១៩ឆ្នាំ រស់នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់ស្រុកវាលវែង ដើម្បីប្រកបមុខរបរធ្វើស្រែចំការ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិមានគ្នា៤នាក់ បាននាំគ្នាជួយលើកដាំបង្គោលឈើ១ដើម ដើម្បីតភ្លើងភ្ជាប់ សម្រាប់បំភ្លឺក្នុងវត្ត តែមិនទាន់ដាំបានសម្រេចផង ក៏ត្រូវបង្គោលភ្លើងនោះដួលរលំសង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានព្រមទាំងសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុតែម្តង។

ក្រោយពេលចុះដល់កន្លែងកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយករណីបង្គោលភ្លើងរលំសង្កត់លើ នេះមកពីការធ្វេសប្រហេសរបស់គេ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។

សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យនៅក្នុងវត្តព្នៅ ស្ថិតនៅភូមិឃុំកើតហេតុនោះតែម្តង៕