ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ បុរសម្នាក់បានត្អូញប្រាប់ក្រុមគ្រួសាររបស់ខ្លួនថា លែងចង់រស់ទៀតហើយ បន្ទាប់មកក៏ដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹង ទោះជាក្រុមគ្រួសារដើរតាមស្វែងរកយ៉ាងណា ក៏មិនឃើញ លុះ៧ថ្ងៃក្រោយមក បងស្រីរបស់ជនរងគ្រោះ បានធុំក្លិនស្អុយចម្លែក ចេញពីក្រោយផ្ទះ ទើបដើររកមើល ស្រាប់តែប្រទះឃើញប្អូនប្រុសបានចងកស្លាប់ នៅចំណុចបន្ទប់សាងសង់ទុកចោលខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។
សាកសពបុរសរងគ្រោះ មានឈ្មោះជា ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែនិយាយប្រាប់បងប្អូនថា សព្វថ្ងៃនេះខ្លួនចេះតែឈឺក្បាល ហើយមិនចង់រស់តទៅទៀតទេ ដោយនិយាយហើយនិយាយទៀត។ លុះមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្រាប់តែជនរងគ្រោះបានដើរចេញបាត់ពីផ្ទះ មិនឃើញមកហូបបាយសោះ ខណៈនោះបងប្អូនកូនក្មួយបាននាំគ្នាដើររុករកសព្វកន្លែងដែរ តែរកមិនឃើញ។ រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ គាត់ជាបងស្រីបានដើរទៅខាងក្រោយផ្ទះ ក្បែរបន្ទប់ដែលសាងសង់ទុកចោល ក៏ធុំក្លិនស្អុយយ៉ាងចម្លែក ហើយបានមើលទៅក្នុងបន្ទប់ក៏ប្រទះឃើញជនរងគ្រោះ បានចងកស្លាប់បាត់ទៅហើយ ដោយសាកសពមានសភាពហើម ស្អុយរលួយទៅហើយ ទើបរាយការណ៍ដល់សមត្ថកិច្ចតែម្តង ។

ក្រោយពីបានទទួលនូវព័ត៌មានខាងលើ សមត្ថកិច្ចបានសហការណ៍កម្លាំងគ្រូពេទ្យបង្អែកស្រុកអន្លង់វែង ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសព ហើយបានសន្និដ្ឋានថា សាកសពពិតជាបានចងកធ្វើអត្តឃាតខ្លួនដោយពិតប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕