Tuesday, September 23, 2025
Homeព័ត៌មានជាតិដឹកដៃគ្នាចេញពីផ្ទះសំណាក់ ស្រីបើកម៉ូតូបុកខឿនចិញ្ចើមផ្លូវ ប្រុសហៅប្រពន្ធមកថែទាំរបួស

ដឹកដៃគ្នាចេញពីផ្ទះសំណាក់ ស្រីបើកម៉ូតូបុកខឿនចិញ្ចើមផ្លូវ ប្រុសហៅប្រពន្ធមកថែទាំរបួស

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩  មានគូស្នេហ៍មួយគូ ទើបនឹងត្រឡប់មកពីឡើងឋានសួគ៌ជាមួយគ្នាវិញ ខាងប្រុសបានបើកដៃឱ្យស្រីស្នេហ៍របស់ខ្លួនជាអ្នកបើកម៉ូតូ ស្រាប់តែជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យខាងស្រីរងរបួសស្រាល ចំណែកខាងប្រុសបាក់ជើងម្ខាងរហូតដល់ មិនអាចលាក់បាំងប្រពន្ធបាន ក៏ទូរស័ព្ទប្រាប់ប្រពន្ធឱ្យទៅមើលប្តីនៅពេទ្យ បានកើតឡើងនៅតាមផ្លូវ៣០ម៉ែត្រ ចំណុចកែងផ្លូវចូលភូមិព្រៃល្ង ភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះមានឈ្មោះហួន យឹម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកស្ត្រីជាគូស្នេហ៍ មានឈ្មោះស្វាយ សុគា អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិចេក ឃុំ ស្វាចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ភ-៥៣៣០ ដែលទើបនឹងដឹកដៃគ្នាចុះចេញពីផ្ទះសំណាក់ ដោយខាងប្រុសបានឱ្យនារីជាស្រីស្នេហ៍ជាអ្នកបើកម៉ូតូ លុះមកដល់ចំណុចខាងលើ ស្ត្រីជាអ្នកបើកម៉ូតូ បំណងបើកឆ្លងផ្លូវចូលផ្ទះជួល ក៏បានជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យខាងប្រុសរងរបួសបាក់ជើង ចំណែកខាងស្រីរងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ រួចបុរសរងគ្រោះបានទូរស័ព្ទប្រាប់ប្រពន្ធឱ្យទៅជួយមើលខ្លួននៅមន្ទីរពេទ្យផង ព្រោះស្ថានភាពធ្ងន់ធ្ងរពេក មិនអាចលាក់បាំងបានឡើយ៕

RELATED ARTICLES