Tuesday, September 23, 2025
Homeព័ត៌មានជាតិផ្អើលសមត្ថកិច្ច... លើដីម្ចាស់ក្សត្រីម៉ារីរណឬទ្ធិ

ផ្អើលសមត្ថកិច្ច… លើដីម្ចាស់ក្សត្រីម៉ារីរណឬទ្ធិ

ខេត្តសៀមរាប ៖ ដីព្រៃមួយកន្លែង ដែលគេដឹងថា ជាដីរបស់ម្ចាស់ក្សត្រីនរោត្តម ម៉ារីរណឬទ្ធិ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ប្រមាណ១ហិកតារ បន្ទាប់ពីមានអ្នកជិះម៉ូតូតាមផ្លូវជក់បារី លុះជក់អស់ ក៏បោះកន្ទុយបារីចោល ចំដីខាងលើ ដែលមានស្លឹកឈើ និងស្មើងាប់ ទើបបង្កជាការឆាបឆេះ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងចម្រុះចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ ការពារមិនឱ្យរាលដាលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្បែរនោះ។

ហេតុការណ៍ភ្លើងឆេះព្រៃក្នុងដីឡូតិ៍ របស់ម្ចាស់ក្សត្រីនរោត្តមម៉ារី រណឫទ្ធិ នេះ កើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១៦ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាតំបន់កាន់កាប់ដោយ់អាជ្ញាធរអប្សរា។

លោកឧត្តមសេនីយត្រី ភឹង សម្បត្តិ ស្នងការរងទទួលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនិងសង្គ្រោះ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ថា នៅមុនពេលកើតហេតុ មានអាជ្ញាធរមូលដ្ឋាន បានរាយការណ៍មកកម្លាំងជំនាញរបស់ស្នងការខេត្ត ទើបលោកបានដឹកនាំកម្លាំងការិយាល័យពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចុះសហការជាមួយសមត្ថកិច្ចចម្រុះ ចុះជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើរថយន្តសរុបអស់ចំនួន៧គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការខេត្ត ចំនួន២គ្រឿង រថយន្តរបស់នគរបាលបេតិកភ័ណ្ឌ ១គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត ចំនួន២គ្រឿង និងរថយន្តរបស់អាជ្ញាធរជាតិអប្សរា ចំនួន២គ្រឿង បាញ់អស់ទាំង៧គ្រឿង ទើបជួយពន្លត់បានជាស្ថារព មិនបង្កឱ្យមានការរីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ ។

លោកស្នងការរង បានបញ្ជាក់ថា ម្ចាស់កម្មសិទ្ធិដីឡូតិ៍ដែលត្រូវភ្លើងឆេះនោះ គឺជារបស់ម្ចាស់ក្សត្រីនរោត្តមម៉ារីរណឫទ្ធិ។ ការខូចខាតនៃការឆេះនេះអស់១ហិកតារ ក្នុងផ្ទៃដីទំហំសរុបចំនួន៣ហិកតារ។ មូលហេតុបណ្តាលមកពីអ្នកជិះម៉ូតូបោះកន្ទុយបារីចោលទៅក្នុងព្រៃ ទើបបណ្តាលឱ្យឆេះ ។

ជាមួយនេះផងដែរ លោកស្នងការរង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប មេត្តាចូលរួមបង្ការ និងទប់ស្កាត់នូវគ្រោះអគ្គិភ័យទាំងអស់គ្នា និងប្រុងប្រយ័ត្ន នូវភ្លើងទៀនភ្លើងធូប ភ្លើងចង្កៀង ភ្លើងចង្គ្រាន ភ្លើងបារី ភ្លើងអគ្គីសនី ប្រេងសាំង ហ្គាស ដែលជាសារធាតុគីមីងាយឆេះ ងាយផ្ទុះ និងសារធាតុដទៃទៀត ដើម្បីសន្តិសុខសុវត្ថិភាពផ្ទះ និងទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា ព្រោះរដូវនេះ គឺជារដូវប្រាំង ហើយក៏ជារដូវក្តៅខ្លាំងផងដែរ៕

RELATED ARTICLES