Tuesday, September 23, 2025
Homeព័ត៌មានជាតិឮសូរប៊ូម បងប្អូននិងអ្នកភូមិ រត់ទៅមើលភ្លាម ឃើញដេកដួល

ឮសូរប៊ូម បងប្អូននិងអ្នកភូមិ រត់ទៅមើលភ្លាម ឃើញដេកដួល

ខេត្តឧត្តរមានជ័យ ៖ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ព្រានព្រៃម្នាក់ បានទៅបរបាញ់សត្វនៅក្នុងព្រៃទាំងយប់ បែរជាជាន់ចំគ្រាប់មីន បណ្តាលឱ្យរងរបួសដាច់ជើងម្ខាងត្រឹមកជើង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចជួរភ្នំដងរែក ពើយតារុន ស្ថិតនៅខាងកើតភូមិដងទុង សង្កាត់កូនគ្រៀល ក្រុងសំរោង។

ជនរងគ្រោះមានឈ្មោះភាព សំណាង អាយុ២៨ឆ្នាំ មុខរបរព្រានព្រៃ (ដើរបរបាញ់សត្វព្រៃ) មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋអ្នកភូមិដងទុង បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពោលគឺកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែមានបងប្អូនសាច់ញាតិជនរងគ្រោះ រួមទាំងអ្នកភូមិផងដែរ មានការភ្ញាក់ផ្អើលថា ជនរងគ្រោះឈ្មោះភាព សំណាង ជាន់មីនដាច់ជើង ហើយក្រុមគ្រួសារបានបញ្ជូនទាំងយប់ទៅសង្គ្រោះ ។

បើតាមសមត្ថកិច្ចក្រុងសំរោង បានឱ្យដឹងថា ការដើរបរបាញ់សត្វព្រៃជាបទល្មើសមួយប៉ះពាល់នឹងផ្លូវច្បាប់ សមត្ថកិច្ចប៉ូលិសតែងតែបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហាមឃាត់ មិនឱ្យដើរបរបាញ់សត្វព្រៃ ដោយប្រើប្រាស់កាំភ្លើងឆ្នុកដូង ហើយកន្លងមក ប៉ូលិសបានធ្វើការដកហូតពីប្រជាពលរដ្ឋជាបន្តបន្ទាប់ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ជនរងគ្រោះដែលដើរបរបាញ់រូបនេះ នៅពេលកើតហេតុ ជាន់មីនផ្ទុះដាច់កជើងម្ខាងខាងស្តាំ ត្រូវសមត្ថកិច្ចប៉ូលិស និងសាច់ញាតិជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត៕

RELATED ARTICLES