ខេត្តរតនគីរី ៖ ក្មេងស្ទាវជាសិស្សសាលា២ក្រុម បានកើតមានជម្លោះនឹងគ្នា រហូតឈានដល់ការវាយតប់កាប់ចាក់គ្នា ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនយុវជនចំនួន២នាក់ នាំយកទៅសាកសួរ។
ករណីអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្បែរផ្ទះលក់កូនឈើ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរម្យ ភារុណ អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង (មានសារធាតុញៀនក្នុងខ្លួន)។ និងទី២-ឈ្មោះចន ឌីណេ អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។ ចំណែកជនរងគ្រោះមានគ្នា២នាក់ រួមមាន ទី១-ឈ្មោះមិង នុ អាយុ១៩ឆ្នាំ ជាជនជាតិទំពួន មុខរបរសិស្ស រស់នៅភូមិបាជាន់ ឃុំឯកភាព ស្រុកអូរជុំ (របួសខ្នង និងជើង)។ និងទី២-ឈ្មោះឌូត នៀ អាយុ១៧ឆ្នាំ ជាជនជាតិគ្រឹង មុខរបរសិស្ស រស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ (របួសស្រាល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវទាំង២ក្រុមខាងលើ បានកើតមានជម្លោះនឹងគ្នា រហូតឈានដល់ការវាយតប់គ្នា ដោយប្រើដំបងដែក បណ្តាលឱ្យភាគីរងគ្រោះរងរបួសធ្ងន់ស្រាល២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងបានលុង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនិតិវិធី៕