Wednesday, September 24, 2025
Homeព័ត៌មានជាតិទើបសម្រាលកូនខ្ចី សង្សារសុំបែក លោតទឹកសម្លាប់ខ្លួន

ទើបសម្រាលកូនខ្ចី សង្សារសុំបែក លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនខ្ចីថ្មីៗ តូចចិត្តនឹងរឿងបុរសជាសង្សារសុំបែក ក៏សម្រេចចិត្តគិតខ្លីលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចមុខណាហ្គាវើល ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នារីវ័យក្មេងដែលប៉ុនប៉ងសម្លាប់ខ្លួន ដោយការលោតទឹកស្ពានកោះពេជ្រ ខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ១៨ទៅ១៩ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីវ័យក្មេងខាងលើ ត្រូវមិត្តភក្តិបង្ហើបប្រាប់ថា បម្រើការងារនៅតាមបារ៍បារាំង ណាមួយទើបនឹងសម្រាលកូនខ្ចីរួចថ្មីៗ បានមកអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើល។ លុះមួយសន្ទុះក្រោយមក មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ស្រាប់តែនារីរូបនោះ បែរជាប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួននៅម្តុំស្ពានកោះពេជ្រ តែសំណាងល្អ ត្រូវបានមិត្តភក្តិជួយឃាត់ទាន់ពេលវេលា ធ្វើឱ្យនារីរូបនោះគិតតែពីអង្គុយយំឱបក្បាលជង្គង់។

ក្រោយកើតហេតុ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅដល់សួរនាំ តែនារីរូបនោះមិនបានរៀបរាប់ថា មានរឿងអីកើតឡើងឱ្យពិតប្រាកដនោះទេ បានត្រឹមអង្គុយយំឱបក្បាលជង្គង់ និងនិយាយយ៉ាងខ្លីថា នាងទើបតែកូនខ្ចី និងអត់មានម្តាយឪពុកតាំងពីតូច។

ចំណែកក្រុមមិត្តភក្តិនារីខាងលើ ដែលអង្គុយផឹកស៊ីជុំគ្នាបានខ្សឹបប្រាប់ថា នារីរូបនេះត្រូវសង្សារធ្វើបាបចិត្ត សុំបែកចែកផ្លូវ ខណៈ ដែលនាងទើបនឹងសម្រាលកូនខ្ចីរួចថ្មីៗ ទើបធ្វើឱ្យនាងឈឺចិត្តស្អិតទ្រូង រហូតដល់មានគំនិតខ្លីបែបនេះតែម្តង។

ក្រោយមក មិត្តភក្តិរបស់នារីខាងលើ បានចាប់អូសនារីរូបនោះឡើងលើម៉ូតូកង់បី ជិះចេញទៅបាត់ទៅ៕

RELATED ARTICLES