ខេត្តកំពង់ស្ពឺ ៖ ខណៈស្ត្រីជាម្តាយជាប់ព្រោកប្រាជ្ញនៅផ្ទះអ្នកជិតខាង ធ្វេសប្រហែស មិនបានមើលកូនតូចឱ្យបានដិតដល់ ទើបកូនប្រុសស្រី ដែលមានវ័យត្រឹម៥ឆ្នាំម្នាក់ និង៣ឆ្នាំម្នាក់ នាំគ្នាទៅចុះលេងទឹកក្នុងទំនប់ បណ្តាលឱ្យលង់ស្លាប់ទាំង២នាក់ គួរឱ្យអាសូរបំផុត។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅទំនប់ទឹកមួយកន្លែង ស្ថិតក្នុងភូមិធ្លក ឃុំទួលសាលា ក្រុងបសេដ្ឋ។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា កុមារ២នាក់ បងប្អូនដែលនាំគ្នាទៅលេងទឹកលង់ស្លាប់នេះ ឈ្មោះភាន់ សីហា អាយុ៥ឆ្នាំ និងក្មេងស្រី ឈ្មោះភាន់ ចាន់ធឿន អាយុ៣ឆ្នាំ។ ទាំងពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិធ្លក ឃុំទួលសាលា មានឪពុកឈ្មោះស ធារ៉ា និងម្តាយឈ្មោះ សុខ ចន្ធី រស់នៅភូមិឃុំខាងលើ។

បើតាមសម្តីឈ្មោះចន្ថា ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា បាននិយាយប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានដើរនៅលើទំនប់ ដើម្បីទៅបេះផ្លែឈូក ស្រាប់តែឃើញក្មេងទាំងពីរនាក់បងប្អូន ចុះទៅលេងក្នុងទឹក រួចខ្លួនក៏រត់ទៅប្រាប់ម្តាយក្មេងទាំងពីរដែលអង្គុយលេងនៅផ្ទះអ្នកជិតខាង។ លុះពេលម្តាយរត់មកមើល ស្រាប់តែកូនលង់ទឹកស្លាប់ទាំងពីរនាក់ បាត់ទៅហើយ។
បន្ទាប់ពីកូនលង់ទឹកស្លាប់ ទាំង២នាក់បែបនេះ ទើបស្រែកទ្រហោយំបោកប្រាណស្តាយ ស្រណោះកូនផ្អើលអស់អ្នកភូមិរត់ទៅជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យទាក់ទង ទៅកម្លាំងនគរបាលជំនាញ ចុះមកពិនិត្យឃើញថា ក្មេងទាំងពីរនាក់ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏បានប្រគល់សពក្មេងទាំងពីរនាក់ ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕