Tuesday, September 16, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ដឹកដៃកូនប្រុសទាំង៣ ទៅច្រៀងនៅអាមេរិក សុីថ្លៃមិនក្រោម១០មុឺនដុល្លារ

ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទាំង៣ ទៅច្រៀងនៅអាមេរិក សុីថ្លៃមិនក្រោម១០មុឺនដុល្លារ

ព្រាប សុវត្ថិ នឹងដឹកដៃកូនប្រុសទាំង៣ ហោះទៅច្រៀងសម្តែងនៅអាមេរិក រយៈពេល១ខែកន្លះ ដែលនឹងឡើងយន្តហោះនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះហើយ។ ការចេញទៅកើបលុយធំនៅអាមេរិក របស់ព្រាប សុវត្ថិ​ នៅពេលនេះ គឺចំពេលដែលមុននេះ មានអាណិកជនខ្មែរនៅអាមេរិក មួយចំនួន បានបង្ហើរសារព្រមានតារាហង្សមាស រូបនេះ ទុកជាមុនថា ពួកគេនឹងធ្វើពហិកាមិនទៅចូលរួមទស្សនាការសម្តែងរបស់លោកឡើយ ខណៈដែលផ្ទាំងរូបថតនៅលើបដា (Banner) ឃោសនាការសម្តែងរបស់ព្រាប សុវត្ថិ និងកូនប្រុស ត្រូវបានគេខ្វែងចោលទៀតផង ដោយមានអ្នកខ្លះ ថែមទាំងបាន Troll រូបព្រាប សុវត្ថិ ភ្ជាប់ជាមួយសត្វផ្សេងៗទៀតផង។

ប៉ុន្តែខាងម្ចាស់ Sponsor ដែលធានាព្រាប សុវត្ថិ ទៅច្រៀង សម្តែង គឺអតីតតារាសម្តែង ហង្ស ឈា បានបង្ហាញចំពោះមោទនភាពជាខ្លាំង ព្រោះព្រាប  សុវត្ថិ មិនទាន់ទៅជាន់ដីអាមេរិក ផង តែសំបុត្រដាក់លក់នៅបណ្តារដ្ឋខ្លះ ត្រូវបានដាក់លក់ដាច់អស់។

ការអះអាងបែបនេះបញ្ជាក់ថា អាណិកជនខ្មែរនៅអាមេរិក ស្រលាញ់គាំទ្រតារាចម្រៀងហង្សមាស រូបនេះ ច្រើនជាងការមិនពេញចិត្តចំពោះលោក ហេតុនេះហើយ ទោះជាមានអ្នកខ្លះរិះគន់ព្រាប សុវត្ថិ មែន តែលោកហង្ស ឈា នៅតែជឿជាក់លើព្រាប សុវត្ថិ ថា ការសម្តែងរបស់លោកនឹងជោគជ័យជាមិនខាន ព្រោះក្រៅពីយកកូនប្រុសទាំង៣នាក់ គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះ តារាហង្សមាស រូបនេះ ក៏យកក្រុមភ្លេងផ្ទាល់ខ្លួនរបស់លោកទៅផងដែរ។

ដោយមិនរារែកចិត្ត ឬខ្វាយខ្វល់ច្រើនពីមនុស្សមួយចំនួន បានព្រមានមិនទៅមើលការច្រៀងសម្តែងរបស់លោកនោះ ព្រាប សុវត្ថិ បាននៅតែរក្សាជំហរថា ត្រូវតែដឹកដៃកូនប្រុសទាំង៣ ចេញទៅច្រៀងសម្តែងតាមការគ្រោងទុកដដែល ហើយពេលនេះ លោកបានត្រៀមខ្លួនរួចជាស្រេចអស់ទៅហើយ។

ប្រភពបានឱ្យដឹងថា ភរិយារបស់ព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ ក៏បានរួមំណើរជាមួយស្វាមី និងកូនៗផងដែរ ដើម្បីងាយស្រួលក្នុងការរៀបចំសម្លៀកបំពាក់ឱ្យស្វាមី និងកូនៗទាំង៣ ក្នុងការច្រៀងសម្តែងរយៈពេល៤៥ថ្ងៃនោះ។

ព័ត៌មានបានឱ្យដឹងថា ព្រាប សុវត្ថិ នឹងវិលវិញយ៉ាងទៀងទាត់ ពោលគឺនៅក្រោយចូលឆ្នាំខ្មែរ ខាងមុខនេះ ព្រោះលោកត្រូវមានការងារច្រើនក្នុងស្រុក ដែលបានកុងត្រាជាមួយបណ្តាក្រុមហ៊ុនមួយចំនួនទៅហើយ។

ទោះជាយ៉ាងណា ដំណើរទៅច្រៀងសម្តែងនៅក្រៅស្រុករបស់ព្រាប សុវត្ថិ លើកនេះ ត្រូវបានគេប្រមាណថា រយៈ ពេល១ខែកន្លះនោះ លោកស៊ីថ្លៃមិនក្រោម១០ម៉ឺនដុល្លារឡើយ។

ការសំអាងបែបនេះ ដោយសារតែនៅរដូវក្តៅនេះ ព្រាប សុវត្ថិ អាចរកប្រាក់ចំណូលនៅក្នុងស្រុក យ៉ាងហោចណាស់ ក៏៦ម៉ឺនដុល្លារដែរ ក្នុង១ខែ អ៊ីចឹងហើយការចេញទៅច្រៀងនៅបរទេស បើមិនបានប្រាក់ចំណូលច្រើនជាងក្នុងស្រុក គេជឿថា លោកក៏មិនចេញទៅដែរ បើទោះជាពេលនេះ ព្រាប សុវត្ថិ ហាក់ផ្តោតលើការផ្តល់បទពិសោធន៍ឱ្យកូនប្រុសទាំង៣ សម្រាប់ការច្រៀងនៅក្រៅស្រុកក៏ដោយ។

អ្នករៀបចំប្រគំតន្ត្រីម្នាក់ បានលើកឡើងថា ការដែលព្រាប សុវត្ថិ ចេញទៅច្រៀងសម្តែងនៅអាមេរិក អំឡុងពេលដែលមានអ្នក ខ្លះព្រមានមិនទៅមើលការច្រៀងសម្តែងរបស់ លោកនោះ ព្រោះតែ ព្រាប សុវត្ថិ មានភាព  ជឿជាក់ថា លោកនៅតែមានអ្នកស្រលាញ់ ច្រើនជាងអ្នកមិនពេញចិត្ត៕

RELATED ARTICLES