ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយបានកើតឡើង នៅស្ថានីយប្រេងសាំងមួយកន្លែង បណ្តាលឱ្យកូនក្រមុំថៅកែស្ថានីយចំនួន២នាក់ ត្រូវឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើងគួរឱ្យសង្វេគ ធ្វើឱ្យស្ត្រីជាម្តាយស្រែកទ្រហោយំបោកខ្លួន កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេង ហ៊ាង សុធី ហៅអុល មានទីតាំងស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ស្ថានីយប្រេងដែលទទួលរងការឆាបឆេះខាងលើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនក្រមុំទាំង២នាក់ របស់ថៅកែស្ថានីយប្រេងខាងលើ ដែលបានឆេះស្លាប់ក្នុងភ្នក់ភ្លើង រួមមាន ទី១-ឈ្មោះហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ និងទី២-ឈ្មោះហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ។

លោកស្នងការនគរបាលខេត្តមណ្ឌលគិរី ឡោ សុខា បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យកើតឡើង លោកក៏បានចាត់កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៥គ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយបានប្រើប្រាស់ទឹក អស់ចំនួន២៥រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃដដែល តែអកុសល នារីវ័យក្មេងចំនួន២នាក់ ដែលត្រូវជា កូនស្រីរបស់ថៅកែស្ថានីយប្រេងខាងលើ ត្រូវបានភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម, ស្ថានីយប្រេងសាំង១កន្លែង ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង និងបណ្តាលឱ្យមនុស្សរងរបួសស្រាល២នាក់ (ស្រី) បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕












