ខេត្តមណ្ឌលគិរី ៖ ស្ថានីយប្រេងសាំងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុរថយន្តដឹកស៊ីទែនសាំងបង្ហូរសាំងចូលកន្លែងស្តុក តែដោយខ្វះការប្រុងប្រយ័ត្ន បានធ្វើឱ្យខ្ចាយសាំងចូលផ្ទះបាយ ប៉ះចំចង្ក្រានហ្គាស បង្កឱ្យមានការឆាបឆេះឡើង និងបណ្តាលឱ្យកូនក្រមុំថៅកែស្ថានីយ ចំនួន២នាក់ ត្រូវឆេះខ្លោចស្លាប់ក្នុងភ្នក់ភ្លើង គួរឱ្យសង្វេគ ធ្វើឱ្យស្ត្រីជាម្តាយស្រែកទ្រហោយំបោកខ្លួន។

ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ថានីយប្រេង ហ៊ាង សុធី ហៅអុល មានទីតាំងស្ថិត នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា។

ស្ថានីយប្រេងដែលទទួលរងការឆាបឆេះខាងលើនេះ ជាកម្មសិទ្ធិរបស់ឈ្មោះហ៊ាង សុធី ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនក្រមុំទាំង២នាក់ របស់ថៅកែស្ថានីយប្រេងខាងលើ ដែលបានឆេះស្លាប់ក្នុងភ្នក់ភ្លើង រួមមាន ទី១-ឈ្មោះហ៊ាង សម្ផស្ស ភេទស្រី អាយុ១៧ឆ្នាំ និងទី២-ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រី អាយុ១៤ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ថា យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច មូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះ គឺដំបូងឡើយ មានរថយន្តដឹកស៊ីទែនសាំង១គ្រឿង បានបើកចូលមកក្នុងស្ថានីយប្រេងខាងលើ រួចក៏រៀបចំតទុយោបង្ហូរសាំងដាក់ក្នុងកន្លែងស្តុកប្រេងរបស់ម្ចាស់ស្ថានីយឈ្មោះហ៊ាង សុធី ហៅអុល លុះពេលកំពុងបង្ហូរប្រេងសាំងនោះ ស្រាប់តែមិនដឹងជាមានការធ្វេសប្រហែសយ៉ាងម៉េច ស្រាប់តែសាំងបានខ្ចាយចេញពីទុយោ ជះចូលក្នុងផ្ទះបាយ ចំទៅលើចង្ក្រានហ្គាស ទើបធ្វើឱ្យមានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅតែម្តង និងបង្កឱ្យមានការផ្អើលឆោឡោយ៉ាងខ្លាំង ដោយសារតែកូនស្រី២នាក់ របស់ថៅកែស្ថានីយ បានជាប់នៅក្នុងភ្លើង មិនអាចសង្គ្រោះចេញមកបានឡើយ។

លោកស្នងការ បន្តថា បន្ទាប់ពីទទួលបាន សេចក្តីរាយការណ៍ថា មានករណីគ្រោះអគ្គិភ័យ កើតឡើងលោកក៏បានចាត់កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកពេជ្រាដា ១គ្រឿង ដើម្បីចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយបានប្រើប្រាស់ទឹក អស់ចំនួន២៥រថយន្ត ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃដដែល តែអកុសល នារីវ័យក្មេងចំនួន២នាក់ ដែលត្រូវជាកូនស្រីរបស់ថៅកែស្ថានីយប្រេងខាងលើ ត្រូវបានភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័ម។

លោកស្នងការ បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតស្ថានីយប្រេងសាំង១កន្លែង ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង និងបណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរងរបួសស្រាល២នាក់ (ស្រី) បញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោកអាល័យជាទីបំផុត៕




