ភ្នំពេញ ៖ យុវតីវ័យជំទង់ម្នាក់ ចេះតែមានទឹកមុខស្រងូតស្រងាត់ខុសប្លែកពីធម្មតា និងឧស្សាហ៍ពោលពាក្យប្រាប់ម្តាយថា ឈឺចិត្តណាស់ មិនចង់រស់នៅបន្តទៀតទេ ចង់តែស្លាប់ឱ្យផុតទៅ លុះស្ត្រីជាម្តាយសម្លុតផង លួងលោម សួរនាំផង ទីបំផុត កូនស្រីក៏ទម្លាយរឿងរ៉ាវប្រាប់ម្តាយថា នាងត្រូវគ្រូនាយករងសាលាកំហូចម្នាក់ ចាប់រំលោភរហូតដល់បានសម្រេចដល់ទៅ២ដង ជាហេតុធ្វើឱ្យស្ត្រីជាម្តាយខឹងសម្បា ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
ករណីនាយករងសាលាចាប់រំលោភសិស្សស្រីបានសម្រេចដល់ទៅ២ដងនេះ បានកើតឡើង តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ។ លុះមកដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្តាយយុវតីរងគ្រោះ ហើយក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ ខ្លួនជនសង្ស័យបាន ត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនសង្ស័យជានាយករងសាលា ដែលចាប់រំលោភសិស្សស្រីបានសម្រេចដល់ទៅ២ដង ទីបំផុតបែកធ្លាយរឿងរ៉ាវត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះចិន មករា អាយុ២៦ឆ្នាំ មុខរបរគ្រូបង្រៀន និងជានាយករងសាលាភាសាអង់គ្លេសភាសាសាស្ត្រ ស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ញ.ស.ណ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងរាជធានីភ្នំពេញ។
តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យឈ្មោះចិន មករា បានល្បួងនាំនាងយកទៅរំលោភនៅផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ ដោយពេលនោះ ជនសង្ស័យបានជិះម៉ូតូឌុបនាង ចូលទៅជួលបន្ទប់ផ្ទះសំណាក់ រួចនិយាយលួងលោមនាង ហើយបានធ្វើសកម្មភាពរំលោភ សេពសន្ថវៈបានសម្រេច១លើក ហើយនិយាយគំរាមនាងថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃឱ្យសោះ។

យុវតីរងគ្រោះ បន្តថា រហូតមកដល់វេលាម៉ោង១២ និង១៥ថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ ជនសង្ស័យបានទូរស័ព្ទហៅនាងឱ្យទៅជួយរៀបចំអីវ៉ាន់នៅក្នុងសាលា។ លុះពេលនាងទៅដល់ ជនសង្ស័យក៏បាននាំនាងចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើនាង រហូតដល់បានសម្រេច១លើកទៀត ហើយនិយាយគំរាមនាងជាស្រីរងគ្រោះដូចលើកមុន។
តាមប្រភពពីឪពុកម្តាយយុវតីរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដោយសារតែសង្កេតឃើញកូនស្រី (យុវតីរងគ្រោះ) ហាក់មានសភាពស្ងៀមស្ងាត់សំងំតែក្នុងបន្ទប់ ហើយនិយាយថា ចង់តែស្លាប់ ទើបក្រុមគ្រួសារបាននាំគ្នាសួរនាំ ទើបកូនស្រីដាច់ចិត្តទម្លាយរឿងប្រាប់ថា នាងត្រូវបានជនសង្ស័យចាប់រំលោភដល់ទៅ២ដងរួចមកហើយ។
ក្រោយមកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ត្រីជាម្តាយបង្កើតរបស់យុវតីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃដដែល សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រួមនឹងវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងឌ្រីម សេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល ពណ៌ក្រហមលាយខ្មៅ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕