ខេត្តស្ទឹងត្រែង ៖ សពក្មេងប្រុសតូចម្នាក់អាយុទើបនឹង១ខួបកន្លះ ដែលត្រូវគេប្រទះឃើញនៅក្នុងចម្ការស្វាយចន្ទី បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចត្រពាំងត្រយ៉ង ស្ថិតក្នុងចម្ការស្វាយចន្ទី ភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់។

ក្មេងតូចរងគ្រោះខាងលើ មានឈ្មោះវណ្ណា ពេជ្ជរ៉ា ភេទប្រុស អាយុ១៨ខែ រស់នៅក្នុងបន្ទុកឪពុកម្តាយ ដែលប្រកបរបរជាកម្មករបេះស្វាយចន្ទី និងស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ គ្រួសាររបស់ក្មេងប្រុសរងគ្រោះខាងលើ បានចេញទៅស៊ីឈ្នួលរើសផ្លែចន្ទីឱ្យគេ ដោយបានយកកូនប្រុសអាយុ១៨ខែ (ក្មេងប្រុសរងគ្រោះ) ទៅជាមួយផង។ នៅពេលឪពុកម្តាយចេញដើររើសគ្រប់ស្វាយចន្ទី បានទុកកូនតូចអាយុទើប១ឆ្នាំកន្លះនោះ ឱ្យនៅលេងក្នុងខ្ទមចាំចម្ការ ដែលពួកគាត់មិនបានទៅឆ្ងាយប៉ុន្មានពីកូនទេ អាចប្រហែលពី៥០ទៅ៦០ម៉ែត្រប៉ុណ្ណោះ ហើយស្ត្រីជាម្តាយតែងតែត្រឡប់ទៅមើលកូន២ទៅ៣ដងដែរ។ លុះមកដល់វេលាម៉ោងថ្ងៃត្រង់ ម្តាយបានត្រឡប់ទៅខ្ទមនោះវិញ ដើម្បីរកដាំបាយដាំទឹកហូបទាំងអស់គ្នា ពេលនោះស្រាប់តែបាត់កូនពីខ្ទមចាំចម្ការ ទើបពួកគាត់រួមទាំងកម្មករជាច្រើននាក់ បានដើររកតែរករហូតមកដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ពោលគឺ៣ថ្ងៃក្រោយមក ទើបគេប្រទះឃើញសាកសពកូនប្រុសនោះ ស្លាប់នៅចំណុចត្រពាំងត្រយ៉ង ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់ ក្នុងចម្ការចន្ទី របស់អ្នកស្រី នួន ម៉ៅ។

ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំង អធិការស្រុក និងគ្រូពេទ្យ ចុះទៅពិនិត្យសាកសពខាងលើនោះ ដោយរកមិនឃើញមានស្នាកស្នាម នៅលើដងខ្លួនជនរងគ្រោះទេ។ តាមការសន្និដ្ឋាន របស់លោកហុង ហៃ គ្រូពេទ្យតុលាការបានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារការអត់អាហារ អត់បាយអត់ទឹកពិតប្រាកដមែន ព្រោះតែដើរចេញពីខ្ទម ហើយវង្វេងឪពុកម្តាយរកមិនឃើញ។

តែទោះជាយ៉ាងណាការ សន្និដ្ឋាននោះ គ្រាន់តែជាជំហានដំបូងរបស់សមត្ថកិច្ច ប៉ុន្តែអ្វីៗវាស្ថិតនៅលើការស្រាវជ្រាវបន្ត។ សពក្មេងប្រុសនោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅរក្សាទុកដើម្បីរង់ចាំមន្ត្រីជំនាញ នៃនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រធ្វើកោសល្យ វិច័យម្តងទៀត មុននឹងប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕