នៅសល់មិនដល់២ខែទៀតទេ ឱក សុគន្ធកញ្ញា នឹងគ្រងឈុតកូនក្រមុំក្រាបផ្ទឹមជាមួយលោកអ៊ឹង សុខលី ហើយនាងនឹងក្លាយទៅជា ប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ជាផ្លូវការ។
កាលពីពេលថ្មីៗនេះ រូបថត Pre-Wedding ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ត្រូវបានបែកធ្លាយ ដោយពួកគេបានជ្រើសរើសទីតាំងនៅតំបន់ប្រាសាទអង្គរវត្ត…។

ដោយឡែក ក្នុងគណណិហ្វេសប៊ុករបស់ឱក សុគន្ធកញ្ញា បានឱ្យដឹងថា “សួស្ដីមិត្តភក្តិបងប្អូនទាំងអស់គ្នា…! ថ្ងៃនេះមានរូបបែកធ្លាយពីរូបភាព Pre-Wedding អាពាហ៍ពិពាហ៍របស់នាងខ្ញុំ តើបងប្អូនជឿដែរឬទេ..? បើបងប្អូនចង់ដឹងការពិតរូបថត Pre weddings ជាផ្លូវការបស់នាងខ្ញុំ សូម Share Status នេះឲ្យបានចំនួន168k Share ខ្ញុំនឹងបង្ហាញរូបភាព Pre-Wedding ជាផ្លូវការរបស់នាងខ្ញុំជូនបងប្អូនទាំងអស់គ្នា..!”។

បើទោះជាឱក សុគន្ធកញ្ញា បានត្រៀមសំបុត្រការហៅភ្ញៀវទាំងឡាយ ក្នុងនោះមានអ្នកសិល្បៈល្បីៗរាប់រយនាក់ ឱ្យចូលញ៉ាំការនាង នៅខែឧសភា នេះ អស់ទៅហើយក្តី ក៏រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់នាងនិងប្តី នៅតែព្យាយាមលាក់ថ្ងៃការរបស់តារាចម្រៀងរូបនេះ កាន់តែខ្លាំងៗ រហូតធ្វើឱ្យមានការសង្ស័យថា ពួកគេហាក់ដូចជាភ័យខ្លាចមានភាគីខាងណាមួយអុកអុករំខាន ព្រោះថា សុគន្ធកញ្ញា បានផ្តាច់ស្នេហ៍ពីតន្ត្រីករ រ៉េតធី ដូណា ខណៈដែលលោកសុខលី ត្រូវគេបង្ហើបថា លោកបានចែកផ្លូវជាមួយអតីតសង្សារជាតារាសម្តែង និងចម្រៀង មិនក្រោម6នាក់ឡើយ មុនមកធ្វើជាកូនកំលោះរបស់សុគន្ធកញ្ញា នៅពេលនេះ។

នៅពេលដែលត្រូវសួររឿងឱក សុគន្ធកញ្ញា រៀបការ អ្នកស្រីអ៊ិន ថាច ម្តាយរបស់តារាចម្រៀងល្បីរូបនេះ បានបដិសេធប្រាប់ទីតាំងនិងថ្ងៃកូនស្រី និងកូនប្រសារបស់គាត់ក្រាបផ្ទឹម។

អ្នកស្រីអ៊ិន ថាច នៅពេលជួបជាមួយអ្នកយកព័ត៌មានយើងផ្ទាល់នោះ ថ្លែងលាយសំណើចតិចៗថា “យី! ពិតជាមកសួរសំណួររឿងគេរៀបការអីឯណាទៀតហើយ… ឆ្ងល់ដែរ ម៉េចចង់ដឹងម៉្លេះ? ខ្ញុំអត់និយាយទេ គឺមិនចង់និយាយរឿងហ្នឹងទេ។ យី! ថាអត់និយាយ គឺមិននិយាយហ្នឹងហើយ”។

ឱក សុគន្ធកញ្ញា លេចឮថា បានរួមរស់ក្រោមដំបូលវីឡាទ្រនំស្នេហ៍ជាង20ម៉ឺនដុល្លារ ជាមួយអនាគតប្តីនាង លោកអ៊ឹង សុខលី ក្រោយពីពួកគេបានភ្ជាប់ពាក្យ កាលពីថ្ងៃទី18 ខែមិថុនា ឆ្នាំ2018។ ចំណងស្នេហាថ្មីរបស់ឱក សុគន្ធកញ្ញា ជាមួយប្អូនលោកថៅកែហង្សមាស នៅពេលនេះ ត្រូវបានអ្នកម្តាយរបស់នាង អ្នកស្រីអ៊ិន ថាច ពេញចិត្តជាខ្លាំង គឺខុសគ្នាស្រឡះទៅនឹងពេលដែលសុគន្ធកញ្ញា សាងស្នេហ៍ជាមួយតន្ត្រីករ រ៉េតធី ដូណា ត្រូវម្តាយនាងប្រឆាំងមិនគាំទ្រដូចពេលនេះឡើយ។

ជាមួយគ្នានេះដែរ ឱក សុគន្ធកញ្ញា ត្រូវបានមហាជននិយាយថា នៅឆ្នាំ2019នេះ នាងជោគជ័យទាំងអាជីពចម្រៀង និងស្នេហាព្រមគ្នាតែម្តង ហើយនាងជាតារាទី1 ដែលយកឈ្នះបេះដូងលោកសុខលី ព្រោះថា មានតារាស្រីជាច្រើននាក់មកហើយ ដែលធ្លាប់មានស្នេហាប្អូនថៅកែហង្សមាស រូបនេះ តែលោកសុខលី មិនដែលអើពើគិតគូររឿងក្រាបផ្ទឹមដូចនៅពេលនេះឡើយ។
ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា សុគន្ធកញ្ញា រកប្រាក់ចំណូលនៅរដូវក្តៅនេះ ក្នុង1ខែ² មិនក្រោម6ម៉ឺនដុល្លារឡើយ អ៊ីចឹងរឿងអីដែលថា លោកសុខលី មិនចង់ធ្វើស្វាមីរបស់នាង?

ការសម្រេចចិត្តលាភាពនៅលីវ ត្រឹមពាក់កណ្តាលឆ្នាំ2019 របស់ឱក សុគន្ធកញ្ញា នៅពេលនេះ ក៏ជាការលុបដានស្នេហ៍ជាមួយតន្ត្រីករ រ៉េតធី ដូណា ចាប់ពីពេលនេះតទៅ ហើយក៏មានមហាជនជាច្រើនបានសរសើរសុគន្ធកញ្ញា ផងដែរថា នាងសុខចិត្តទាត់ចោលតំណែងជំទាវ ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយមនុស្សដែលនាងស្រលាញ់ ហេតុនេះហើយ កុំថា សុគន្ធកញ្ញា សំណាងដែលបានធ្វើប្អូនថ្លៃថៅកែហង្សមាស នោះ តាមពិត លោកសុខលី ក៏សំណាងដែរ ដែលបានធ្វើជាប្តី របស់តារាចម្រៀងល្បីឈ្មោះរូបនេះ យកឈ្នះមន្ត្រីធំៗជាច្រើននាក់ ដែលចង់ចូលចែចូវសុគន្ធកញ្ញា តាំងពីពេលនាងផ្តាច់ស្នេហ៍ជាមួយលោកដូណា ម៉្លេះ…៕