ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៣ និង១៦នាទីរសៀល ស្ត្រីវ័យចំណាស់ម្នាក់ ព្រោះតែខឹងសម្បាជាមួយនឹងចៅបង្កើតរបស់ខ្លួន ដែលចង់ចាកចោលគាត់ ទៅរស់នៅជាមួយអង្គការ ក៏ប្រមូលខោអាវរបស់ចៅដាក់គរនៅក្នុងផ្ទះ រួចយកមកចាក់សាំងចាក់ដុតចោល ស្រាប់តែអកុសល ភ្លើងឆេះរាលពេញផ្ទះឆេះទាំងខ្លួនឯង ខ្លោចស្លាប់ក្នុងភ្នក់ភ្លើងគួរឱ្យរន្ធត់ ចំណែកចៅប្រុសរត់ចេញទាន់ គ្រាន់តែឆេះរលាកជើងទាំងសងខាងប៉ុណ្ណោះ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១៦នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

ស្ត្រីចំណាស់រងក្រោះ មានឈ្មោះសែម ប៉ុក អាយុ៦៧ឆ្នាំ ជាកម្មករដាំដុះរបស់ក្រុមហ៊ុន ឡុងស្រេង ចំការកៅស៊ូបឹងកេត។ ចំណែកចៅប្រុសមានឈ្មោះផល សុធា អាយុ១៧ឆ្នាំ។ សព្វថ្ងៃទាំង២នាក់ជីដូននិងចៅប្រុស ស្នាក់នៅផ្ទះកម្មករ១ខ្នង ទំហំ៥ម៉ែត្រ គុណនដឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះផល សុធា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានឈ្លោះប្រកែកជាមួយនឹងជីដូន ដោយខ្លួនជាចៅបានសុំលុយពីជីដូនចំនួន២ម៉ឺនរៀល ដើម្បីធ្វើសោហ៊ុយទៅស្នាក់នៅជាមួយអង្គការ ដោយសារតែរូបគេមានផ្ទុក មេរោគអេដស៍ឆ្លងពីឪពុកម្តាយ តែពេលនោះ ជីដូនមិនព្រមឱ្យលុយរូបគេទេ ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ រហូតដល់ជីដូនខឹងក៏បានទៅប្រមូលយកខោអាវរបស់គេមកគរទុកនៅក្នុងផ្ទះ រួចក៏ទៅយកប្រេងសាំងចំនួន២លីត្រ មកចាក់ស្រោចលើខោអាវរបស់គេ បន្ទាប់មកជីដូនក៏យកដែកកេះមកកាន់ តែខណៈមុននោះបន្តិចិ ជីដូនបានបើកចង្ក្រានហ្គាស កំដៅសម្ល ទើបធ្វើឱ្យភ្លើងបានឆាបឆេះពេញផ្ទះ ហើយភ្លាមនោះ រូបគេដែលត្រូវភ្លើងឆេះរលាកជើងទាំងសងខាង បានស្ទុះរត់ចេញមកក្រៅផ្ទះទាន់ពេល និងស្រែកហៅអ្នកជិតខាងឱ្យជួយពន្លត់ភ្លើង និងជួយជីដូនចេញមកក្រៅផង តែអកុសល ទម្រាំពន្លត់ភ្លើងបាន ជីដូនរបស់គេត្រូវភ្លើងឆេះខ្លោចស្លាប់បាត់ទៅហើយ ប៉ុន្តែភ្លើងមិនបានឆេះរាលដល់ផ្ទះទាំងស្រុងទេ ពោលគឺឆេះត្រឹមតែក្នុងផ្ទះប៉ុណ្ណោះ។

លោកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ថា ក្រោយពីបានទទួលព័ត៌មានភ្លាម កំលាំជំនាញនៃអធិការដ្ឋាន នគរបាលស្រុកស្ទឹងត្រង់ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានបង្កើតគណៈកម្មការចំរុះធ្វើការពិនិត្យសាកសព និងនាំចៅប្រុសបង្កើតរបស់ សាកសព មកធ្វើការសាកសួរទើបដឹងថា ស្ត្រីរងគ្រោះឈ្មោះសែម ប៉ុក បានស្លាប់ដោយសារឆេះភ្លើងខ្លួនឯងប្រាកដមែន គឺពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ បន្ទាប់មកសមត្ថកិច្ចក៏ជួយបញ្ជូនឈ្មោះផល សុធា ទៅសង្ក្រោះនៅមណ្ឌលសុខភាពឃុំអូរម្លូ។

ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕