ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់មួយដ៏រន្ធត់ ខណៈដែលស្ត្រីវ័យចំណាស់ម្នាក់ កំពុងដើរហាត់ប្រាណតាមផ្លូវសុខៗ ត្រូវម៉ូតូកង់បីមួយគ្រឿង បើកមកបុកពីក្រោយ បណ្តាលឱ្យដួលស្លាប់យ៉ាងអាណោចអធ័ម ធ្វើឱ្យកូនស្រីមកដល់ស្រែកទ្រហោយំឱបសពម្តាយគួរឱ្យសង្វេគ ខណៈដែល ម៉ូតូកង់បីបង្ក បានបើកគេចបាត់ភ្លាមៗក្រោយកើតហេតុ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះមានឈ្មោះយ៉ែម សារី ហៅអូន អាយុ៦១ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិចម្ការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានដើរចេញពីផ្ទះ ដើម្បីទៅហាត់ប្រាណដូចសព្វដង លុះរយៈពេលប្រមាណ១០នាទី ក្រោយមក ក៏មានអ្នកជិតខាងបានរត់មកប្រាប់ថា ស្ត្រីរងគ្រោះបានដេកស្លាប់នៅលើចិញ្ចើមផ្លូវទៅហើយ ដោយសារម៉ូតូកង់បីបើកបុក។ ពេលឮដំណឹងដ៏អកុសលនេះ ក្រុមគ្រួសារបានស្ទុះទៅកន្លែងកើតហេតុ ក៏ប្រទះឃើញស្ត្រីរងគ្រោះ ជាម្តាយដេកស្លាប់នៅលើចិញ្ចើមផ្លូវមែន ទើបធ្វើឱ្យក្រុមគ្រួសារ ពិសេសកូនស្រីបង្កើតស្រែកទ្រហោយំបោកខ្លួន ឱបសពម្តាយគួរឱ្យសង្វេគ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែង រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាជួបគ្រោះថ្នាក់ ត្រូវម៉ូតូកង់បីបើកបុកពីក្រោយ បណ្តាលឱ្យស្លាប់មែន ខណៈដែលស្ត្រីរងគ្រោះកំពុងដើរហាត់ប្រាណ ចំណែកម៉ូតូកង់បីនោះ ក្រោយពីបង្កហេតុរួច ក៏បានបើករត់គេចបាត់ស្រមោល និងកំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមរកយកមកដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះ។

ដោយឡែក សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

