Wednesday, September 24, 2025
Homeព័ត៌មានជាតិគ្រួសារស្តាយពន់ពេក!!! ជិះទូកលើកលបក្តាម ស្កន់ជាន់ប្រកាច់ធ្លាក់ទឹកស្លាប់

គ្រួសារស្តាយពន់ពេក!!! ជិះទូកលើកលបក្តាម ស្កន់ជាន់ប្រកាច់ធ្លាក់ទឹកស្លាប់

ខេត្តកោះកុង ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា មានជម្ងឺស្កន់ជាន់ប្រចាំកាយ និងឧស្សាហ៍កើតអាការប្រកាច់ជាញឹកញាប់ លុះពេលជិះទូកតែម្នាក់ឯង ចេញទៅម្នាក់ជិះទូកទៅលើកលបដាក់ក្តាមនៅក្នុងព្រែកខាងមុខផ្ទះ ចៃដន្យជំងឺធ្វើទុក្ខ ក៏ប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចព្រែកខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

បុរសរងគ្រោះដែលកំពុងជិះទូកលើកលបក្តាម បែរជាជំងឺធ្វើទុក្ខ បណ្តាលឱ្យប្រកាច់ធ្លាក់ទឹកលង់ស្លាប់ មានឈ្មោះញ៉ែត លុយ អាយុ២៩ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានកើតមានជំងឺប្រចាំកាយ (ស្កន់ជាន់) ជាច្រើនឆ្នាំមកហើយ ហើយ នៅពេលដែលជំងឺធ្វើទុក្ខម្តងៗ តែងកើតមានអាការប្រកាច់។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានជិះទូកចេញទៅលើកលបក្តាមនៅព្រែកខាងមុខផ្ទះតែម្នាក់ឯង លុះក្រោយមក ស្រាប់តែអាការជំងឺធ្វើទុក្ខ ទើបធ្វើឱ្យជនរងគ្រោះប្រកាច់ធ្លាក់ចូលទៅក្នុងទឹកលង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES