Wednesday, September 24, 2025
Homeព័ត៌មានជាតិម៉ែឪឈ្លោះគ្នាបោកចានឆ្នាំង កូនរត់ចោលផ្ទះ មកភ្នំពេញ ដាច់បាយ៣ថ្ងៃ

ម៉ែឪឈ្លោះគ្នាបោកចានឆ្នាំង កូនរត់ចោលផ្ទះ មកភ្នំពេញ ដាច់បាយ៣ថ្ងៃ

ភ្នំពេញ ៖ ក្មេងប្រុស២នាក់ ព្រោះតែទ្រាំនឹងឪពុកម្តាយចេះតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃមិនបាន ទើបបានបបួលគ្នារត់ចោលផ្ទះ ធ្វើដំណើរឡើងមករាជធានីភ្នំពេញ ទាំងគ្មានគោលដៅច្បាស់លាស់ អត់បាយក្រហាយទឹក អស់រយៈពេល៣ថ្ងៃ និងត្រូវបានអាជ្ញាធរខណ្ឌដូនពេញ បានប្រទះឃើញក្មេងប្រុសទាំង២នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ក៏ហៅសួរនាំ ទើបដឹងរឿងបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។

ករណីប្រទះឃើញក្មេងប្រុស២នាក់ រត់ចោលផ្ទះមកស្នាក់នៅគ្មានគោលដៅច្បាស់លាស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតម្តុំវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ក្មេងប្រុសទាំង២នាក់ខាងលើ រួមមាន ទី១-ឈ្មោះយុទ្ធ សុខហេង អាយុ១៣ឆ្នាំ មានឪពុកឈ្មោះយុទ្ធ យឿន ធ្វើការសំណង់ និងមានម្តាយឈ្មោះមុត មាន ធ្វើការនៅរោងចក្រ និងទី២-ឈ្មោះម៉ាក់ ជីវ៉ា អាយុ១០ឆ្នាំ ជាកូនកំព្រា រស់នៅមួយអ៊ំ។ ក្មេងប្រុសទាំង២នាក់ មានលំនៅក្នុងភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ផ្ទះជិតិគ្នា)។

តាមសម្តីក្មេងប្រុសឈ្មោះយុទ្ធ សុខហេង បានរៀបរាប់ប្រាប់ថា ពួកគេទាំង២នាក់ បានរត់ចេញពីផ្ទះចំនួន៣ថ្ងៃមកហើយ ដោយសារខ្លួនខឹងឪពុកម្តាយ តែងតែឈ្លោះគ្នាខ្លាំងពេក។ ពេលខ្លះឪពុកគេតែងតែបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជា ចាន ឆ្នាំង កង្ហារ និងទូរទស្សន៍ ជាដើម ទើបធ្វើឱ្យគេមិនចង់ឃើញ មិនចង់ឮ ទើបរត់ចេញពីផ្ទះទាំងទឹកភ្នែក។

ក្មេងប្រុសខាងលើបន្តទាំងភ្នែកថា នៅពេលចេញពីផ្ទះមក ពួកគេទាំង២នាក់ មានលុយជាប់ខ្លួនតែ៥ពាន់រៀលប៉ុណ្ណោះ ហើយចំណាយលើសោហ៊ុយជិះឡានឈ្នួល គឺអស់ល្មម (៥ពាន់រៀល)។ ហេតុនេះ អំឡុងពេលស្នាក់នៅតែលតោលក្នុងរាជធានីភ្នំពេញនេះ ពួកគេមិនបានហូបបាយ ឬចំណីអ្វីទាំងអស់ ព្រោះគ្មានលុយទិញហូប បានត្រឹមតែដើរសុំទឹកគេផឹកប៉ុណ្ណោះ។

 តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ បានឱ្យដឹងថា បន្ទាប់ពីប្រទះឃើញក្មេងប្រុសទាំង២នាក់នេះ នៅម្តុំវត្តភ្នំ ហើយសមត្ថកិច្ចក៏បានសួរនាំ ទើបដឹងរឿងរ៉ាវ បន្ទាប់មកក៏បាននាំពួកគេមកកាន់សាលាខណ្ឌ ដើម្បីផ្តល់បាយទឹក ហើយក៏បានទាក់ទងទៅក្រុមអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យដឹងដល់សាច់ញាតិបងប្អូនក្មេងប្រុសទាំង២ត្រឡប់ទៅវិញ។

សមត្ថកិច្ចបានឱ្យដឹងបន្តថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្មេងប្រុសទាំង២នាក់ ត្រូវបានសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញហើយ៕

RELATED ARTICLES