Wednesday, September 24, 2025
Homeព័ត៌មានជាតិអ្នករួមការងារនិងម្ចាស់ផ្ទះ ខ្នះខ្នែងណាស់ដែរ ប៉ុន្តែគាត់ស្លាប់ទៅបាត់ទៅហើយ

អ្នករួមការងារនិងម្ចាស់ផ្ទះ ខ្នះខ្នែងណាស់ដែរ ប៉ុន្តែគាត់ស្លាប់ទៅបាត់ទៅហើយ

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានឡើងទៅជួសជុលដំបូលផ្ទះឱ្យគេ ស្រាប់តែអកុសលកាន់ប៉ះខ្សែភ្លើងដាច់រលាត់ស្រោមជ័រ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១៥ ភូមិល្វា ឃុំល្វា ស្រុកបវេល។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះផាត ឆដា អាយុ២៥ឆ្នាំ មុខរបរជាងផ្ទះ មានលំនៅក្នុងក្រុមទី១០ ភូមិល្វា ឃុំល្វា ស្រុកបវេល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះជួលឱ្យឡើងជួលជុលដំបូល លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងជួលជុលដំបូលសុខៗ ក៏ស្រាប់តែកាន់ប៉ះចំខ្សែភ្លើងដាច់រលាត់ស្រោមជ័រ ទើបធ្វើឱ្យឆ្លងចរន្តឆក់ជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ប្រភពដដដែលបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ អ្នករួមការងារនិងម្ចាស់ផ្ទះ បានជួយលើកដាក់ជនរងគ្រោះចុះមកក្រោម និងបានជួយធ្វើចលនាសង្គ្រោះបឋម និងប្រុងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឱ្យចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះឡើងជួសជុលដំបូលផ្ទះឱ្យគេ រួចហើយក៏ប៉ះខ្សែភ្លើងស្រាត ក៏ឆក់ស្លាប់តែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយនឹងត្រូវបូជានៅរសៀលថ្ងៃនេះ វេលាម៉ោង១កន្លះ៕

RELATED ARTICLES