Wednesday, September 24, 2025
Homeព័ត៌មានជាតិមានទាំងម៉ូទ័រកាត់ដែកផង ទើបអាចយកសពគាត់ចេញមកបាន ម្នាក់ៗរន្ធត់

មានទាំងម៉ូទ័រកាត់ដែកផង ទើបអាចយកសពគាត់ចេញមកបាន ម្នាក់ៗរន្ធត់

ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង មានដឹករថយន្តសាំងយ៉ុងពីលើ១គ្រឿងផង បានបើកបរក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ១គ្រឿង ដែលកំពុងឈប់រង់ចាំស្តុបយ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយរួញកាប៊ីនមុខ កៀបតៃកុងស្លាប់យ៉ាងរន្ធត់ និងត្រូវបានក្រុមសង្គ្រោះ៧១១ ចំណាយពេលជាង១ម៉ោង ទើបអាចគាស់យកសាកសពចេញពីកាប៊ីនរថយន្តបាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតទ្បើងកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ កែងនឹងផ្លូវទំនប់កប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលត្រូវកៀបស្លាប់ក្នុងកាប៊ីនរថយន្ត មានឈ្មោះហ៊ាង សេងហ៊ុយ អាយុ២៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តតាមក្រុមហ៊ុន មានស្រុកកំណើតនៅភូមិជួរកណ្តាល ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមប្រភពពីមិត្តភក្តិរួមការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាអ្នកស៊ីឈ្នួលបើកបររថយន្តឱ្យក្រុមហ៊ុនមួយ ហើយនៅមុនកើតហេតុ ជនរងគ្រោះបានបើករថយន្តហ៊ីយ៉ាន់ដាយ១គ្រឿង ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ដោយដឹករថយន្តសាំងយ៉ុង១គ្រឿងទៀត ពីលើពណ៌លឿង គ្មានពាក់ស្លាកលេខដូចគ្នា។ រថយន្តទាំងពីរនេះ ទើបនឹងទម្លាក់ចេញពីរទូកុងតឺន័រនៅខេត្តព្រះសីហនុ បំណងបើកយកដាក់ នៅឃ្លាំងរថយន្តមួយកន្លែង ម្តុំផ្លូវ២០០៤ ដោយជនរងគ្រោះបានបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត តេង ឡាយ ១គ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-7061 ដែលកំពង់ឈប់ងស្តុប ក្នុងទិសដៅស្របគ្នា ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលតៃកុងកៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងទៅកាន់ក្រុមសង្គ្រោះបន្ទាន់ របស់កងពលតូចលេខ៧០ (ក្រុមសង្គ្រោះ៧១១) ដើម្បីឱ្យចុះមកជួយអន្តរាគមន៍។ លុះបន្តិចក្រោយមក ក្រុមសង្គ្រោះបានចុះមកដល់ និងបានយករថយន្តមួយគ្រឿង មកជួយទាញរថយន្តហ៊ីយ៉ាន់ដាយ ដែលកំពុងកៀបជាប់ចេញពីរថយន្តកុងតឺន័រ រួចក្រុមសង្គ្រោះបន្ទាន់៧១១ បានយកឧបករណ៍កាត់ដែកមកកាត់ទ្វាររថយន្ត ដើម្បីយកសពជនរងគ្រោះចេញមកក្រៅរហូតបានជោគជ័យ ដោយចំណាយពេលវេលាអស់ជាង១ម៉ោង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ដោយឡែក សពជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់សាច់ញាតិ ដើម្បីមកទទួលដឹកទៅកាន់ស្រុកកំណើត រៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES