ខេត្តស្ទឹងត្រៃង ៖ ករណីយុវជនម្នាក់ដោយសារតូចចិត្តម្តាយស្លាប់ រីឯឪពុករត់តាមស្រីថ្មីបាត់ រហូតដល់ចុងក្រោយ ចងកបញ្ចប់ជីវិតនៅក្នុងព្រៃ ខាងក្រោយផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បានកើតឡើង កាលពីវេលាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចព្រៃ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក។

យុវជនគំនិតខ្លី ដែលចងកធ្វើអត្តឃាត មានឈ្មោះសីហា លាក់ ហៅឆៀ អាយុ២៤ឆ្នាំ រស់នៅភូមិភ្ចុល ឃុំកោះព្រះ ស្រុកសៀមបូក។

តាមប្រភពពីអ្នកភូមិ បានរៀបរាប់ប្រាប់ថា យុវជនរងគ្រោះគឺជាក្មេងកំព្រា ដែលត្រូវម្តាយស្តាប់ចោល ចំណែកឪពុក ក៏បែកគំនិត មានស្រីថ្មី រត់ចោលផ្ទះ ចោលកូនបាត់ទៀត ស្រាប់តែមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះក៏បាត់ចេញពីផ្ទះ មិនដឹងជាទៅណា។ រហូតមកដល់ព្រឹកឡើងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក៏មានអ្នកភូមិបានប្រទះឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងព្រៃខាងក្រោយផ្ទះបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍កោះព្រះ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចងកខ្លួនឯងពិតប្រាកដ គ្មានអ្វីគួរកត់សម្គាល់ជាករណីឃាតកម្មឡើយ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
