ខេត្តសៀមរាប ៖ ឪពុកចុងល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភកូនស្រី ចំនួន២នាក់ រហូតដល់បានសម្រេចជាបន្តបន្ទាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង។

ជនសង្ស័យមានឈ្មោះដែង ឆាន អាយុ៣៩ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបង្កើត រួមមាន កូនស្រីច្បងមានឈ្មោះ ស.ស.រ អាយុ១៣ឆ្នាំ ចំណែកកូនស្រីប្អូន មានឈ្មោះ ស.ឡ ទើបនឹងមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ទាំង២នាក់ ត្រូវជាឪពុកចុងនិងកូន និងស្នាក់នៅជុំគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាម្តាយ ក្មេងស្រីរងគ្រោះទាំង២នាក់ និងត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីច្បងរបស់នាងបានមកប្រាប់ថា ឪពុកចុង (ជនសង្ស័យ) ចាប់រំលោភ ហើយបានរំលោភប្អូនស្រីទៀតផង នៅពេលដែលនាងមិននៅផ្ទះ។ គ្រាន់តែស្តាប់ឮសម្តីកូនស្រីបែបនេះ នាងក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះរួចហើយ សមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកប្រាសាទបាគង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានចាប់រំលោភ កូនស្រីទាំង២នាក់ ដូចការប្តឹងចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕